(កណ្ដាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើមន្ត្រីនៃមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវដោះស្រាយសំណើដែលទទួលបានពីប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនៅសេសសល់ឱ្យបានឆាប់រហ័សជៀសវាងនៅសេសសល់បង្កផលលំបាកក្នុងវេទិកាថ្មី ពីព្រោះរដ្ឋបាលខេត្តគ្រោងនឹងរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅក្នុងអំឡុងខែ១១ ខាងមុខនេះហើយ។

ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានស្នើឡើងដូចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៤ អាណិត្តទី៤ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក នូ សាខន បានក្រើនរម្លឹកអាជ្ញាធរក្រុង-ស្រុក និងមន្ទីរការងារខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ត្រូវចុះសាកសួរសុខទុក្ខមានទំនាក់ទំនងជាមួយពួកគាត់ មន្ទីរការងារត្រូវខិតខំជួយរកការងារជូនពួកគាត់នៅតាមបណ្ដារោងចក្រ សហគ្រាសនានា ទៅតាមសមត្ថភាព និងជំនាញរបស់ពួកគាត់។

ដោយសារមានរបៀបវារៈជាច្រើននៅក្នុងកិច្ចប្រជុំនាពេលនេះ, ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឱ្យអង្គប្រជុំទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដែលបានដាក់ចេញ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។

ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាតលើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ។ ជាងនេះទៅទៀត តាមបណ្ដារមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តភារកិច្ចទៅតាមប្រតិទិនការងារ របស់ខ្លួន ស្របទៅតាមផែនការដែលរដ្ឋបាលខេត្តបានដាក់ចុះឱ្យទទួលបានជោគជ័យ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ថ្លែងក្នុងកិច្ចប្រជុំនេះលោក គួច ចំរើន បានជម្រាបជូនក្រុមប្រឹក្សាខេត្ត ក៏ដូចជាអង្គប្រជុំទាំងមូល អំពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិការសម្រាប់ឆ្នាំ (២០២៦-២០២៨) របស់រដ្ឋបាលខេត្តកណ្តាល និងការគ្រប់គ្រង ចំណូល-ចំណាយថវិកា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ព្រមទាំងចំណូលបានមកពីសារពើពន្ធសម្រាប់រយៈពេល៦ខែ។

អភិបាលខេត្តបានបញ្ជាក់ថា នៅពេលរដ្ឋបាលខេត្តបានកិច្ចប្រជុំពិភាក្សាលំអិតជាមួយបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អំពីផែនការយុទ្ធសាស្ត្រថវិការសម្រាប់ឆ្នាំ (២០២៦-២០២៨) និងការគ្រប់គ្រង ចំណូល-ចំណាយថវិកាឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាលបានរួចរាល់ នឹងដាក់ឆ្លងឱ្យក្រុមប្រឹក្សាធ្វើការពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ៕