(តាកែវ)៖ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តនៅក្នុងក្រុងដូនកែវ ជាពិសេសក្នុងខេត្តតាកែវ កាន់តែច្រើនថែមទៀត អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានណែនាំអភិបាលក្រុងដូនកែវ និងមន្រ្តីពាក់ព័ន្ធ ឲ្យធ្វើការរៀបចំដាក់បម្រើសេវាជិះរទេះសេះនៅក្នុងក្រុងដូនកែវ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ី សំណាង បានសំដែងក្ដីរំពឹងថា ការរៀបចំដាក់បម្រើសេវាថ្មីដោយជិះរទេះសេះលេងកម្សាន្តនៅក្នុងក្រុងដូនកែវនេះ វានឹងជួយធ្វើឲ្យភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ និងនាំគ្នាមកលេងកម្សាន្តខេត្តតាកែវ កាន់តែច្រើនថែមទៀតជាក់ជាពុំខាន។
ម្យ៉ាងទៀតខេត្តតាកែវ ដែលល្បីល្បាញថា មានពងទាកូន និងបង្កងឈ្ងុយឆ្ងាញ់នោះ ក៏ជាខេត្តមួយដែលមានរមនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តជាច្រើនកន្លែងផងដែរ សម្រាប់ឲ្យភ្ញៀវទសេចរណ៍មកលេងកម្សាន្ត។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តតាកែវ កំពុងតែធ្វើការសិក្សាស្ដីពីគម្រោងអភិវឌ្ឍន៍បឹងតាកែវ និងការកសាងផ្លូវក្រវ៉ាត់បឹងតាកែវប្រវែងជាង ១៨គីឡូម៉ែត្រ ដោយគម្រោងនោះបានបង្ហាញថា អាជ្ញាធរខេត្តតាកែវ គ្រោងរៀបចំសួនតេជោសន្តិភាព សាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ សាងសង់វេទិការអ៊ំទូក ការរៀបចំវិថីលក់ម្ហូបអាហារការ និងការអភិវឌ្ឍសួនច្បារតាមផ្លូវក្រវ៉ាត់បឹងផងដែរ។
អាជ្ញាធខេត្តតាកែវ បានសំដែងក្ដីរំពឹងថា នៅពេលដែលគម្រោងកសាងផ្លូវក្រវ៉ាត់ក្រុងបឹងតាកែវ ធ្វើហើយរួចរាល់ វានឹងជួយលើកកម្ពស់សោភ័ណភាពក្រុងដូនកែវឲ្យកាន់តែស្រស់បំព្រងឡើងមួយកម្រិតទៀត ជាពិសេសនៅតាម ក្រវ៉ាត់ផ្លូវបឹងតាកែវនេះ និងមានសភាពអ៊ូអរ មានការបើកហាងកាហ្វេ ការលក់ដូរបស់របហូបចុកបំរើឲ្យភ្ញៀវទេសចរណ៍ ដែលវានឹងនាំឲ្យខេត្តតាកែវមានកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកចូលលេងកម្សាន្ត កាន់តែច្រើនថែមទៀតជាក់ជាពុំខាន៕