(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិខេត្តព្រះវិហារ បានណែនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ ត្រូវចាត់វិធានការឲ្យបានតឹងរឹងបំផុតបន្ថែមទៀត ចំពោះការប្រើប្រាស់ប្រភេទ ឧបករណ៍នេសាទ ខុសច្បាប់ ដូចជាការនេសាទប្រើឧបករណ៏ឆក់ និងនេសាទប្រើឧបករណ៍ស្បៃមុងជាដើម។

ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រលែងកូនត្រី និងមេត្រីពូជដើម្បីចូលរួមអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា នៅស្រះទឹកវត្តពោធិ៍៥០០០ដើម នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងថា ថ្ងៃទី១ ខែកក្កដា ក៏ជាថ្ងៃក្នុងរយៈពេលបិទនេសាទទូទាំងប្រទេស (ចាប់ពីដើម ខែមិថុនា ដល់ចុងខែតុលា) ដើម្បីឱ្យពពួកមច្ឆា មេត្រី បានពងកូនបន្តពូជ សម្រាប់ឆ្នាំក្រោយៗទៀត ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចជ្រើសរើសយកថ្ងៃទី ០១ កក្កដា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីលែងត្រីនេះ ដូចមាន ចែងក្នុងមាត្រាទី១៧នៃច្បាប់ស្តីពីជលផល ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់ តួអង្គពាក់ព័ន្ធចូលរួម ការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។

ហើយដើម្បីធានាការគ្រប់គ្រងធនធានជលផល រាជរដ្ឋាភិបាលបានរៀបចំឱ្យមានច្បាប់ស្តីពីជលផល ដែលនឹងក្លាយជាឧបករណ៍គតិយុត្តិថ្មី ស្របនឹងបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានជលផលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

អភិបាលខេត្តព្រះវិហារ ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអទិភាពខ្ពស់បំផុតមួយ សម្រាប់ការអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល ហើយដែលក្នុងនោះក៏មានការកែរទម្រង់អនុវិស័យជលផល និងអនុវិស័យព្រៃឈើផងដែរ។

ទោះជាយ៉ាងណាក្តី យើងត្រូវតែចូលរួមទាំងអស់គ្នា ដោយត្រូវចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព ត្រូវផ្សារភ្ជាប់ទៅនឹងការធ្វើអាជីវកម្មសមស្រប ហើយក៏ត្រូវគិតគូរពីការអភិរក្សជលផល ការដាំដុះព្រៃលិចទឹកឡើងវិញ និងការការពារបរិស្ថានជលផល ដែលនេះគឺជាកិច្ចការដ៏មានសារៈសំខាន់ និងមានតម្លៃបំផុត សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន សម្រាប់បម្រើឲ្យការប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយៗទៀត ពិសេស តម្រូវការធនធានមច្ឆជាតិជា អាហារប្រចាំថ្ងៃ ត្រូវដើរទន្ទឹមគ្នាទៅនិងកំណើនប្រជាពលរដ្ឋ ដែលកត្តាទាំងពីរនេះ ត្រូវមានតុល្យភាពគ្នាខានពុំបាន។

លោក គីម រិទ្ធី ក៏បានថ្លែងផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្ត រួមមាន៖

*មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឲ្យបានតឹងរឹងបំផុតបន្ថែមទៀត ចំពោះការប្រើប្រាស់ប្រភេទឧបករណ៏នេសាទខុសច្បាប់ ដូចជាការនេសាទប្រើឧបករណ៏ឆក់ និងឧបករណ៍ស្បៃមុង ជា ដើម ។

*ពង្រឹង និងជំរុញឡើងវិញ ចំពោះស្រះជម្រកត្រីសហគមន៍ដែលបានបង្កើតហើយ និងបន្តបង្កើតថ្មីបន្ថែម ទៀត ឲ្យបានច្រើនដល់មូលដ្ឋានភូមិឃុំ នេះជាវិធីសាស្ត្រធ្វើឲ្យត្រីសំបូរឡើងវិញ និងជម្រុញឲ្យមានកន្លែងអភិរក្សពូជត្រី នៅក្នុងសហគមន៍ ដើម្បីជួយបង្កើនត្រីមេពូជ ឲ្យបានច្រើនសម្រាប់ពងកូនបន្តពូជ។

*មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវអប់រំ និងផ្តល់សេវាបច្ចេកទេសដល់ប្រជាពលរដ្ឋយើង ឲ្យខិតខំ ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងលក្ខណៈខ្នាតតូចបន្ថែមទៀត។

*បន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការគ្រប់គ្រងកន្លែងជម្រកត្រីសហគមន៍ ឲ្យបានល្អប្រសើរ និងបន្តការបង្ក្រាបបទល្មើសជលផលតទៅទៀត និងជាប្រចាំ ដោយចាត់វិធានការគ្រប់បែបយ៉ាង សហការវាងអ្នកពាក់ព័ន្ធ ហើយត្រូវធ្វើឲ្យបានគ្រប់ទីកន្លែងដោយផ្តោតជាសំខាន់លើបទល្មើសដែលបំផ្លិញបំផ្លាញខ្លាំងដូចជា ឧបករណ៏ឆក់ និង ឧបករណ៏ស្បៃមុងជាដើម។

*មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការ ត្រូវបំផុសលើកទឹក ចិត្តដល់វិស័យឯកជនទាំងក្នុង និងក្រៅស្រុក ឲ្យវិនិយោគលើការចិញ្ចឹមត្រី និងចែករំលែកបច្ចេកទេសទៅវិញទៅមក ជា ពិសេសការចិញ្ចឹម និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុក ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដើម្បីបម្រើឲ្យទីផ្សារ និងបង្កើន ប្រាក់ចំណូល ជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិ និងអនុវត្តយុទ្ធសាស្ត្រភូមិមួយផលិតមួយផងដែរ។

អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវផងដែរ ដល់អាជ្ញាធរដែនដីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ ផ្នែកឯកជន និងអង្គភាពនានា សូមចូលរួមឲ្យបានសកម្មថែមទៀត ក្នុងចលនាប្រលែងត្រីនេះ នៅគ្រប់កន្លែង តាមមូលដ្ឋាន ដើម្បីឲ្យក្លាយទៅជាប្រពៃណីប្រលែងត្រី កូនត្រី ដើម្បីជាការពញ្ញាក់ស្មារតីអភិរក្សជលផល ដល់ប្រជាពលរដ្ឋយើង ក៏ដូចជាការបង្កើនផលត្រីផងដែរនិងសូមជូនពាក្យប្រយោងមួយឃ្លាដែលមានន័យថា «មានប្រភពត្រីនៅក្នុងស្រះវត្តអារ៉ាម ប្រៀបដូចមានជម្រុកស្រូវពូជ សម្រាប់វាលស្រែផងដែរ»