(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ ខណៈបច្ចុប្បន្ននេះ កីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។
ការលើកទឹកចិត្តបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយសហការី ចូលជួបសម្តែងការ គួរសម និងទទួលអនុសាសន៍ ណែនាំ។ ពិធីនេះបានធ្វើឡើងនៅសាលវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ។
ភ្ជាប់ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្តល់យោបល់បន្ថែមដល់ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បង្កើនការពង្រឹងលើវិន័យ សណ្តាប់ធ្នាប់ និងមានក្រមសសីលធម៌ ក្នុងការប្រកួត ដល់កីឡាករ កីឡាការិនី បន្ថែមពីនេះសមត្ថភាពក្បាច់គុន និងសុខភាព ដើម្បីធ្វើឱ្យពួកគាត់កាន់តែរឹងមាំបន្ថែមទៀតនៅពេលចេញទៅប្រកួត ពិសេសពង្រឹង និងបង្ហាញភាពជាម្ចាស់នៃកីឡាប្រដាល់គុនខ្មែរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់ប្រធានសហព័ន្ធកីឡាគុនខ្មែរ បង្កើតការរៀបចំ និងពង្រឹងរៀបចំឱ្យមានការប្រកួតថ្នាលគុនខ្មែរ ឱ្យកាន់តែច្រើនដើម្បីស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការបណ្តុះ ថ្នាលជំនាន់ក្រោយ សម្រាប់បន្តវេនប្រដាល់គុនខ្មែររបស់យើង។ ការបណ្តុះបណ្តាលថ្នាលជំនាន់ក្រោយ គឺយើងជំរុញដល់ការលើកកម្ពស់សមត្ថភាព និងគុណភាព ដើម្បីឱ្យពួកគេក្លាយជាថ្នាលបន្តវេនគុនខ្មែរជំនួសរៀមច្បង ជំនាន់មុនៗដែលចេះតែមានអាយុច្រើនទៅៗ ហើយការប្រកួតនេះ ក៏ដើម្បីផ្សព្វផ្សាយ និងរក្សាទំនៀមទម្លាប់ កេរដំណែល វប្បធម៌ប្រពៃណីនៃសិល្បៈក្បាច់គុនបុរាណខ្មែររបស់យើងឱ្យបានគង់វង្សផងដែរ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាការកត់សម្គាល់ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺព្រឹត្តិការណ៍ប្រដាល់អាណាចក្រថ្នាល់គុនខ្មែរម្តងៗ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេស គឺអ្នកស្ថិតក្នុងវិស័យ កីឡាប្រដាល់គុនខ្មែរ ដែលកំពុងតែខិតខំប្រឹងប្រែង ដើម្បីជ្រោងការអភិវឌ្ឍសមត្ថភាពកីឡាករវ័យក្មេងៗ ដើម្បីឱ្យក្លាយទៅជាអ្នកបន្តវេនគុនខ្មែរនាថ្ងៃអនាគត ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។
នាឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តសហព័ន្ធឱ្យបន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះ ឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែទូលំទូលាយ និងយ៉ាងផុសផុល ព្រមទាំងបានលើកទឹកចិត្តឱ្យសហព័ន្ធបន្តសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដី ឱ្យកាន់ល្អប្រសើរថែមទៀត ជាពិសេស ក្នុងការរៀបចំព្រឹត្រិការណ៍សំខាន់ៗប្រចាំឆ្នាំ។
លោកក៏បានលើកទឹកចិត្តឱ្យសហព័ន្ធ បន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺ ទៅលើឆាកអន្តរជាតិផងដែរ។
ក្នុងឱកាស នៃជំនួបនេះ លោក ខូវ ឆាយ បានរាយការណ៍ជូនលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ដោយសង្ខេប អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង, រាជធានី-ខេត្ត ចំនួន២៣ ជាសមាជិក និងមានក្លឹបចំណុះសមាគមចំនួន ១៤៤ក្លឹប។ គិតត្រឹមឆ្នាំ២០២៤, កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១២៣៦នាក់ (កីឡាករ ១១៩១នាក់ និងកីឡាការិនី ៤៥នាក់), គ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រម ១៨០នាក់ (ស្រី ១២នាក់) និងមន្រ្តីលេខាធិការដ្ឋាន ៧នាក់។
ប្រធានសហព័ន្ធ បានបន្ថែមទៀតថាសហព័ន្ធបានយកចិត្តទុកដាក់រៀបចំការប្រកួតកីឡា ក្នុងចន្លោះពី១៨ ទៅ ២២កម្មវិធី ក្នុងមួយសប្តាហ៍, បានបង្កើតសង្វៀនថ្នាលប្រកួតជាអចិន្រ្តៃយ៍នៅភូមិភាគបាត់ដំបង និងភូមិភាគសៀមរាប ព្រមទាំងបានរៀបចំកម្មវិធីប្រកួតថ្នាលចល័តទៅតាមរាជធានី ខេត្ត ក្រុង ស្រុក ប្រចាំសប្តាហ៍ផងដែរ។ ក្រៅពីនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានផ្ដោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរនៅបរទេស ក៏ដូចជាបានចូលរួមចំណែកដល់ការងារសង្គម តួយ៉ាងការបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមជាដើម។
លោក ខូវ ឆាយ បានឱ្យដឹងថា បច្ចុប្បន្នវិស័យកីឡាប្រដាល់គុនខ្មែរមានការគាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋានតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ បណ្តាញសង្គមផ្សេងៗ និងគណនីផេកក្រៅផ្លូវការមួយ ចំនួនបានផ្សព្វផ្សាយពីភាពវិជ្ជមានច្រើនពីកម្ពុជា ទន្ទឹមនេះក៏មានការផ្សព្វផ្សាយពីចំណុចអវិជ្ជមានមួយចំនួន ដែលធ្វើឱ្យមានភាពរញ៉េរញ៉ៃ និងអាណាធិបតេយ្យជះឥទ្ធិពលមិនល្អចំពោះសង្គមជាតិផងដែរ។ ដើម្បីជាធាតុចូលលើការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមគោរពស្នើសុំគោលការណ៍ពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីគ្រប់គ្រងលើការផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរឱ្យបានល្អ កុំឱ្យមានភាពរញ៉េររញ៉ៃបន្តទៀត៕