(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០, បូកសរុបរបាយការណ៍ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបូកសរុបរបាយការណ៍ ត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេស ក្នុងខេត្តពោធិ៍សាត់ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ដោយបានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ស្នងការរង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានអាគារនុរក្ស មណ្ឌលកែប្រែទាំងពីរ អភិបាល អភិបាលរង ស្រុក/ក្រុង នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ បានជម្រាបជូនថា ដោយទទួលបានការណែនាំ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងទទួលបានគោលការណ៍ឯកភាព ពីលោកអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីលម្អិតកិច្ចការងារមួយចំនួន ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ដែលក្នុងនោះរួមមាន ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០, ការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងរបាយការណ៍ អំពីលទ្ធផលការងារត្រួតពិនិត្យវត្តមានស្នាក់​នៅ របស់ជនបរទេស ក្នុងខេត្តពោធិ៍សាត់ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។

លោកបន្តថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺដើម្បីត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជួយថែរក្សាសណ្តាប់ធ្នាប់សង្គម ការគាំពារច្បាប់ និងសុវត្ថិភាពសាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ដែលជាបញ្ហាសង្គមកំពុងកើតមាន។ ជាងនេះទៅទៀត កិច្ចប្រជុំផ្ដោតសំខាន់ លើការត្រួតពិនិត្យ និងគ្រប់គ្រងទិន្នន័យវត្តមានស្នាក់នៅ របស់ជនបរទេស ដែលកំពុងរស់នៅ ឬធ្វើសកម្មភាពអាជីវកម្មនៅតាមមូលដ្ឋាន ដើម្បីធានាថាជនបរទេសទាំងអស់នោះ បានចុះបញ្ជីត្រឹមត្រូវ មានការតាមដានយ៉ាងប្រសើរ ហើយអនុវត្តតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ថា ការគ្រប់គ្រងទិន្នន័យជនបរទេស គឺជាផ្នែកមួយសំខាន់ ក្នុងការរក្សាបាននុវសន្តិសុខ និងការពារការប្រើប្រាស់សិទ្ធិ ដោយមិនសមរម្យ រួមទាំងការទប់ស្កាត់បទល្មើសពាក់ព័ន្ធផ្សេងៗ។ លោកបានណែនាំ ឱ្យអាជ្ញាធរមូលដ្ឋាន រួមគ្នាចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យជាប់ជាប្រចាំ ដោយមានការសហការជាបន្តបន្ទាប់ ជាមួយអង្គភាពពាក់ព័ន្ធ។

លោកអភិបាលរងខេត្ត បានបន្ថែមថា ការរួមចំណែកយ៉ាងសកម្ម ពីសំណាក់អាជ្ញាធរ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យប្រសើរឡើង និងធានាថានៅតាមមូលដ្ឋាន មានសុវត្ថិភាព និងគ្មានគ្រឿងញៀនជាចម្បង ឬបទល្មើសផ្សេងៗ ឈានទៅចូលរួមចំណែកលើការអភិវឌ្ឍន៍សង្គម សន្តិសុខសាធារណៈ និងជួយបង្កើនភាពទុកចិត្ត របស់ប្រជាពលរដ្ឋ ចំពោះអាជ្ញាធរមូលដ្ឋាន។

បន្ទាប់ពីទទួលបានរបាយការណ៍ នៃការអនុវត្តការងារ និងបញ្ហាប្រឈម ពីគ្រប់អង្គភាពពាក់ព័ន្ធនោះរួចមក, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានណែនាំ និងដាក់ចេញទិសដៅ៖

ទី១៖ ទីចាត់ការផែនការ និងវិនិយោគ និងទីចាត់ការអន្តរវិស័យ ត្រូវសហការគ្នា ធ្វើផែនការសកម្មភាព ផ្អែកតាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ
ទី២៖ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវពិនិត្យមើលសេចក្តីណែនាំរបស់ក្រសួង ដើម្បីកសាងផែនការសកម្មភាព និងគ្រោងថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តការងារ ដោយមានការសម្របសម្រួលពី នាយកទីចាត់ការផែនការ និងវិនិយោគ
ទី៣៖ ស្នើមន្ត្រីពាក់ព័ន្ធទាំងអស់ ផ្តោតសំខាន់ទៅលើល្បែងស៊ីសងអនឡាញ ឡូតូ ពិសេសអភិបាលក្រុង/ស្រុក និងអធិការនគរបាលក្រុង/ស្រុក ត្រូវយកចិត្តទុកដាក់លើទីតាំងដែលបិទជិត ដែលមានមនុស្សចេញចូល ព្រោះមានបង្កប់នៃការប្រព្រឹត្តល្បែងស៊ីសង
ទី៤៖ ការគ្រប់គ្រងជនបរទេស ត្រូវអនុវត្តលើបណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងទាំងឡាយណា ដែលមិនសហការ ឬមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ
ទី៥៖ ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបញ្ជូនកម្លាំងទៅបំពេញបេសកម្ម ពង្រឹងនៅប៉ុស្តិ៍នគរបាល យ៉ាងតិច៦ខែ
ទី៦៖ លោកអភិបាលក្រុង/ស្រុក ត្រូវអញ្ជើញស្នងការរង ទទួលបន្ទុកក្រុង/ស្រុក ចូលរួមរាល់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក ប្រចាំខែនីមួយៗ
ទី៧៖ ស្នងការនគរបាលខេត្ត ត្រូវធ្វើផែនការបណ្តុះបណ្តាលមន្ត្រីនគរបាលប៉ុស្តិ៍ និងប្រជាការពារ ដើម្បីរដ្ឋបាលខេត្ត ស្នើសុំគ្រូឧទ្ទេសន៍ ពីក្រសួងមហាផ្ទៃ មកធ្វើការបណ្តុះបណ្តាល
ទី៨៖ ត្រូវបន្តជំរុញអនុវត្តការងារ នគរបាលសហគមន៍ជាប្រចាំ
និងទី៩៖ ផ្អែកសេចក្តីសម្រេចលេខ ២២ស.ស.រ របស់រាជរដ្ឋាភិបាល ទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្ត ត្រូវបង្កើតសេចក្តីសម្រេចមួយ ដូចគ្នាទៅនឹងសេចក្តី របស់រាជរដ្ឋាភិបាល ក្នុងនាមរដ្ឋបាលខេត្ត៕