(ឧត្ដរមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្ដមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង​ទ័ព​ជើង​អាកាស ដឹកនាំនាយទាហានកងទ័ពជើងអាកាស អញ្ជើញចុះជួបសំណេះ​សំណាល សួរសុខទុក្ខ កងការពារអាកាស អគ្គបញ្ជាការ ស្ថិតក្រោមការដឹកនាំ​បញ្ជា​ដោយ​លោកឧត្តមសេនីយ៍ទោ អឿ សំអុល  ដែលកំពុងបំពេញភារកិច្ចការពារ​ព្រំដែន​ទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ បានមានប្រសាសន៍សំណេះសំណាលផ្ដាំផ្ញើសួរ​សុខ​ទុក្ខដល់ កងការពារអាកាសអគ្គបញ្ជាការជួរមុខដែលឈរជើងការពា​រដែន​អា​កាស​តាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងសម្ដែងការកោតសរសើរចំពោះវីវភាព ស្នេហា​ជាតិ មាតុភូមិ របស់កងកម្លាំងការពារអាកាស អគ្គបញ្ជាការដ្ឋាន ជួរមុខ ដែលហ៊ាន​លះ​បង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ។

នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានណែនាំយោធិនត្រូវថែរក្សាសុខភាព ជាពិសេស​ត្រូវខិតខំការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី អធិបតេយ្យជាតិ ទោះក្នុងតម្លៃណាក៏ដោយ។

នាយឧត្តមសេនីយ៍ បានធ្វើការគូសបញ្ជាក់ថា កងទ័ពមានការប្ដេជ្ញាចិត្ត និងគាំទ្រ​យ៉ាងម៉ឺងម៉ាត់ រាល់បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគាំទ្រការ​សម្រេច​ដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីជួយស្វែងរកដំណោះ​ស្រាយ​បញ្ហា​វិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំប​ន់​មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះ ប្រកបដោយការប្តេជ្ញាចិត្ត និងការ​ទទួល​ខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិ និងប្រជា​ជន​​ខ្មែរ។

នាយឧត្តមសេនីយ៍មេបញ្ជាការទ័ពអាកាស បានមានប្រសាសន៍បន្តថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុ​ប្បន្ន បានខិតខំប្រឹងប្រែង និងប្តូរផ្តាច់បំផុតក្នុងការការពារបូរណភាពទឹកដីដោយ​មិន​អនុញ្ញាតឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រឡើយ។

លោកបន្តថា ភាពអត់ធ្មត់របស់កងទ័ពកម្ពុជា បានបង្ហាញអន្តរជាតិឱ្យឃើញ​ពីភាព​ចាស់​ទុំ ប្រកបដោយភាពថ្លៃថ្នូររបស់កងទ័ពកម្ពុជា នៅចំពោះមុខការរំលោភ​បំពានពី​សំណាក់​ប្រទេសថៃ។ បើទោះជាយ៉ាងណា កងទ័ពកម្ពុជាបានបង្ហាញពីភាពមោះមុត​ក្នុង​ការឆ្លើយតបបានទាន់ពេលវេលាចំពោះការរំលោភបំពានរបស់សត្រូវឈ្លានពាន ។

ក្នុងចុះសួរសុខទុក្ខនោះ នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានផ្ដល់ជូនអំណោយ​ជាសម្ភារៈគ្រឿងឧបភោគបរិភោគ បន្លែ ទឹកសុទ្ធ និងថវិកាមួយចំនួនទៀតជូន​អង្គភាព​ការពារអាកាស អគ្គបញ្ជាការ ជាការលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលឈរការ​ពារ​បូរណភាពទឹកដី មិនអនុញ្ញាតឱ្យកងទ័ពឈ្លានពាន មករំលោភលើបូរណភាពទឹកដី។​នេះគឺជាកាយវិការដ៏ប្រពៃថ្លៃថ្លាបានជួយជំរុញ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ​ឱ្យ​មាន​ភាពមោះមុត អង់អាច ក្លាហាន និងបំពេញភារកិច្ចបំរើជាតិមាតុភូមិ​ដោយមិនខ្លាច​ញញើតជាមួយខ្មាំងសត្រូវ ពិសេសហ៊ានបូជាអាយុជីវិតជូនប្រទេសជាតិ៕