(ស្វាយរៀង)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោករដ្ឋមន្រ្តី ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកស្រី លៀង ស្រីម៉ុល រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី៖ «កាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជិកាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ» ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តស្វាយរៀង។

នៅក្នុងសិក្ខាសាលានោះ អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ខេត្តស្វាយរៀង ជាខេត្តដែលមានសក្តានុពល និងជាខេត្តដែលមានតំបន់សេដ្ឋកិច្ចច្រើនជាងគេ មានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានបុគ្គលិក កម្មករ និយោជិត ចាប់ពី១០០នាក់ឡើងទៅមានប្រមាណ១៧០ទីតាំង។

ដោយមើលឃើញពីសកក្ដានុពល ការងារយ៉ាងសម្បូរបែបនៃខេត្តស្វាយរៀងនេះ រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច លោកស្រី លៀង ស្រីម៉ុល បានផ្តល់អនុសាសន៍មួយចំនួន៦ចំណុច ដើម្បីលើកម្ពស់ និងធ្វើឱ្យជនមានពិការភាពទទួលបានឱកាសការងារទាំងនោះមានដូចជា៖

១៖ ស្នើគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ទាំងអស់បន្តចូលរួមក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
២៖ ស្នើដល់គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន បំពេញកាតព្វកិច្ចចុះបញ្ជិកា និងបន្តសុពលភាពវិញ្ញាបនបត្រ ជាមួយក្រសួង ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
៣៖ គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ត្រូវរៀបចំផែនការនិងជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបានគ្រប់អត្រាកំណត់នៃច្បាប់១%។
៤៖ ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិត ដែលមានពិការភាពទៅសម្ភាសអត្តសញ្ញាណកម្មពិការភាព នៅតាមឃុំ/សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា។
៥៖ រៀបចំ ឬ កែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ និងផាសុកសមរ្យ) សម្រាប់ជនមានពិការភាព នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានសមស្រប។
៦៖ ផ្តល់ការលើកទឹកចិត្តសមស្របដល់ជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានរបស់ខ្លួន។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី «កាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជិកាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ» នេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ប្រធានមន្ទីរ ស.អ.យ. ខេត្ត និងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងសមាគម (TAFTAC), តំណាងសមាគម (CFA) និងតំណាង ក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជន ចូលរួមសរុបចំនួនប្រមាណ១៥០នាក់៕