(បាត់ដំបង)៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបងនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិព័រណ៍ស្ទែមប្រចាំឆ្នាំលើកទីបី ក្រោមប្រធានបទ«សហថាមពលនៃការប្រើប្រាស់ EdTech និង AI ក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា» ដើម្បីបណ្តុះគំនិតនវានុវត្តន៍នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងAI លើកកកម្ពស់វិធីសាស្រ្តបង្រៀនសតវត្សទី២១ និងលទ្ធផលសិក្សារបស់សិស្សឆ្លើយតបនឹងបរិវត្តកម្មឌីជីថលនៅកម្ពុជា។
ពិព័រណ៍ស្ទែមនេះ ដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងដៃគូអភិវឌ្ឍ និងវិស័យឯកជន គណៈគ្រប់គ្រង គ្រូឧទ្ទេស មាតាបិតា អ្នកអាណាព្យាបាល និងគរុនិស្សិត ចំនួនប្រមាណ៥០០០នាក់។
ពិព័រណ៍ស្ទែមប្រចាំឆ្នាំ លើកទី៣ បានរៀបចំជាពិសេសដោយមានការដាក់តាំងបង្ហាញស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតសរុបចំនួនជាង ១២០ស្នាដៃ និងមានស្នាដៃមួយចំនួនផ្សេងទៀត ដោយមានការចូលរួមតាំងបង្ហាញស្នាដៃស្រាវជ្រាវរបស់សិស្សានុសិស្សនៃសាលាអនុវត្ដន៍ទាំង២ សាលាឯកជននិងសាលាអង្គការ និងសាកលវិទ្យាល័យផងដែរ ដែលបែងចែកជា១២បណ្ដុំ។ ជាពិសេសជាងនេះទៅទៀតក៏មានការរៀបចំបទបង្ហាញដោយវាគ្មិនសំខាន់ៗដូចជា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន(JICA)ប្រចាំកម្ពុជា អ្នកជំនាញផ្នែកបច្ចេកវិទ្យាអប់រំនៃអង្គការUNESCO តំណាងនៃសាកលវិទ្យាល័យ CamTech និងតំណាងនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងផងដែរ។
លោកបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានគូសបញ្ជាក់អំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភាដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបង្កើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះ ៥គឺៈ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះបច្ចេកវិទ្យាអប់រំ មានដើមកំណើតមកពីការប្រើប្រាស់ឧបករណ៍បង្រៀនឌីជីថល ដើម្បីគាំទ្រនិងអភិវឌ្ឍគុណភាពការអប់រំ។
លោកមានប្រសាសន៍ថា«ដូចយើងដឹងហើយថាក្នុងយុគសម័យឌីជីថលនេះ កម្មវិធីសិក្សាថ្មីៗសម្បូរបែប រួមផ្សំជាមួយឧបករណ៍ឌីជីថលដូចជា ទូរទស្សន៍ឆ្លាតវៃ ទូរសព្ទ កុំព្យូទ័រ សុទ្ធតែកំពុងពេញនិយមក្នុងចំណោមសិស្ស និស្សិតកម្ពុជា។ ការបញ្ចូលឧបករណ៍ឌីជីថលទាំងនេះចូលទៅក្នុងប្រព័ន្ធអប់រំ បានធ្វើឱ្យបរិយាកាសរៀនសូត្រកាន់តែទាក់ទាញ បង្កលក្ខណៈងាយស្រួលក្នុងការសិក្សា ចំណេញពេលវេលា និងថវិកា ព្រមទាំងផ្ដល់នូវធនធានសិក្សាដ៏សម្បូរបែបដល់សិស្ស និស្សិត ក៏ដូចជាអ្នកសិក្សាទូទៅទាញយកមកប្រើប្រាស់។ ទន្ទឹមនឹងនេះ បញ្ញាសិប្បនិម្មិត ក៏កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយគ្រូបង្រៀនឱ្យក្លាយជាគ្រូឌីជីថលក្នុងសតវត្សរ៍ទី២១នេះ។
បណ្ឌិត ក៏បានបង្ហាញពីគោលបំណងសំខាន់ៗចំនួន ០៤ នៃកម្មវិធីពិព័រណ៍ស្ទែមថ្ងៃនេះ៖ (១) បង្ហាញអំពីសារៈសំខាន់ក្នុងការរួមបញ្ចូលបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការអប់រំ STEM សម្រាប់គ្រូបង្រៀន គ្រឹះស្ថានសិក្សា និងសហគមន៍ (២) ដើម្បីបណ្តុះគំនិតនវានុវត្តន៍នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងAI លើកកកម្ពស់វិធីសាស្រ្តបង្រៀនសតវត្សទី២១ និងលទ្ធផលសិក្សារបស់សិស្សឆ្លើយតបនឹងបរិវត្តកម្មឌីជីថលនៅកម្ពុជា (៣) ដើម្បីផ្តល់វេទិកាសម្រាប់ការចែករំលែកឧត្តមានុវត្តន៍ល្អៗ នៃការប្រើប្រាស់ទម្រង់នានានៃបច្ចេកវិទ្យាអប់រំ(EdTech) និងទម្រង់នៃបញ្ញាសប្បនិម្មិត(AI) ដែលមានប្រសិទ្ធភាពក្នុងការរៀន-បង្រៀន និងការងារស្រាវជ្រាវនៅកម្ពុជា និង(៤) ដើម្បីជំរុញកិច្ចសហការប្រតិបត្តិការជាតិ-អន្តរជាតិ ការកសាងបណ្តាញ និងប្រព័ន្ធអកូឡូស៊ីនៃការអប់រំគ្រូសតវត្សទី២១ដោយរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត(AI) ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍគ្រូឌីជីថលនៅកម្ពុជា។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់នាយកវិទ្យាស្ថាន គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកអប់រំគ្រប់រូបនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រមទាំងប្អូនៗគរុនិស្សិតទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើការស្រាវជ្រាវ ព្រមទាំងបានរៀបចំបង្ហាញស្នាដៃបន្ថែមលើមុខវិជ្ជាដែលទាក់ទងនឹងការសិក្សាអប់រំ STEM ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈដូចមានដាក់តាំងបង្ហាញនាពេលនេះ ជាយានដ៏ត្រឹមត្រូវនៃការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ។
បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដែលក្នុងនោះបានកំណត់នូវយុទ្ធសាស្រ្តអាទិភាពកំណែទម្រង់វិស័យអប់រំចំនួន៤ចំនុចរួមមាន៖ (១) ការពង្រឹងអភិបាលកិច្ចសាលារៀន (២)ការបង្កើតកម្មវិធីក្រៅម៉ោងសិក្សា (៣)ការពង្រឹងសុខភាពសិក្សា និង(៤)ការពង្រឹងការចូលរួមរបស់មាតាបិតា និងសហគមន៍។ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដាសាលារៀនគំរូគ្រប់កម្រិតភូមិសិក្សារួមមាន៖ មត្តេយ្យ សិក្សា បឋមសិក្សា និងមធ្យមសិក្សា ក៏ដូចជាកម្រិតវិទ្យាស្ថានគំរូ។
នៅក្នុងយុគសម័យឌីជីថលនេះ ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់លើការសិក្សាអប់រំ STEM ជាខ្លាំង ដែលជាផ្នែកមួយនៃការអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជាឱ្យទទួលបាននូវគុណភាពជាបរិយាបន្ន និងលើកកម្ពស់ ការសិក្សាពេញមួយជីវិតដល់សិស្ស និស្សិត។
ការលើកកម្ពស់ការសិក្សាអប់រំ STEM នេះមានគោលបំណង (១) បង្កើតលក្ខខណ្ឌនិងបរិស្ថានសមស្របសម្រាប់អភិវឌ្ឍសមត្ថភាពរបស់សិស្ស និស្សិតក្នុងការសិក្សានិងស្រាវជ្រាវ លើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (២) ផ្ដល់នូវក្របខណ្ឌការងារសម្រាប់អភិវឌ្ឍ និងការ អនុវត្តកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅគ្រប់កម្រិតភូមិសិក្សា (៣)ជំរុញការសិក្សាស្រាវ ជ្រាវលើមុខវិជ្ជា STEM ដោយផ្សារភ្ជាប់មុខវិជ្ជាទាំងនោះទៅក្នុងជីវភាពរស់នៅ និងការអប់រំបំណិនជីវិត (៤) អភិវឌ្ឍសមត្ថភាពគ្រូនិងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (៥)បង្កើនការចូលរួម និងបង្កើនប្រសិទ្ធភាពក្នុងការធ្វើសមារណកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយមានការចូលរួមពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។
ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញគាំទ្រ និងបង្កបរិយាកាសដល់ការអប់រំ និងអភិវឌ្ឍសមត្ថភាពស្ទែមរបស់សិស្ស និងគ្រូបង្រៀនកម្ពុជាឱ្យកាន់តែទូលំទូលាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រទេស និងនិន្នាការពិភពលោក តាមរយៈការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) ផ្សេងៗ ដូចជា កម្មវិធីថ្នាលបឋមសិក្សាPLP ថ្នាលសាលាឌីជីថល (Sala Digital) ថ្នាលទូរសិក្សា (Durarseksa) និងការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបង្រៀន និងការរៀន តាមសាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឆ្ពោះទៅការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់កម្រិតសិក្សា ជាពិសេសក្មួយៗគរុនិស្សិតដែលកំពុងត្រៀមខ្លួនក្លាយជាគ្រូបង្រៀននាពេលខាងមុខ សូមប្រឹងប្រែងអស់ពីសមត្ថភាពបន្តខិតខំរៀនសូត្រ ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធដល់សិស្ស ដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព និងសូមបន្តអភិវឌ្ឍសមត្ថភាព ចំណេះជំនាញរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការស្វ័យស្រាវជ្រាវ សរសេរសៀវភៅ អភិវឌ្ឍសមត្ថភាពភាសាបរទេស ជាពិសេសចេះប្រើប្រាស់ AI ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យទាន់សម័យកាលរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពង្រីកចំណេះដឹង និងបំពេញឱ្យបាននូវលក្ខខណ្ឌស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន៕