(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ អាចនឹងប្រើប្រាស់បុគ្គលិក ដើម្បីបម្រើសេវាកម្ម ដល់អ្នកធ្វើដំណើរ មិនក្រោម១,០០០នាក់នោះទេ។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងសេវាកម្ម នៃអាកាសយានដ្ឋានអន្តរជាតិតេជោ រវាងក្រុមហ៊ុន ខេមបូឌា អ៊ែរផតអ៉ិនវេសមិន ឯ.ក (CAIC) និងក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (SCA)។
ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ដើម្បីឱ្យក្រុមហ៊ុន SCA ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនចុះបញ្ជីនៅបារាំង VINCI ទទួលបានសិទ្ធិគ្រប់គ្រងសេវាកម្មនានា ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និងលោក Nicolas Notebaert ប្រធានក្រុមហ៊ុន Cambodia Airports នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ឆ្លើយតបនឹងសំនួរថា តើក្រុមហ៊ុន VINCI Airports គ្រោងនឹងប្រើប្រាស់បុគ្គលិកចំនួនប៉ុន្មាន ដើម្បីបម្រើសេវាកម្ម នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ? លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «ជាទូទៅអាស្រ័យលើទំហំការងារ ប៉ុន្ដែមិនតិចជាង១ពាន់នាក់នោះទេ ដែលភាគច្រើនជាជនជាតិខ្មែរ មានប្រមាណ៨០%ទៅ៩០%»។
លោក ស៊ីន ចាន់សេរីវុត្ថា បានឲ្យដឹងថា សម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការ អាកាសយានដ្ឋាននីមួយៗ ត្រូវការក្រុមប្រតិបត្តិករ ដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសក្រុមហ៊ុន SCA ដើម្បីបន្តគ្រប់គ្រង និងប្រតិបត្តិលើអាកាសយានដ្ឋានថ្មីនេះ។
លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន SCA មានបទពិសោធន៍ គ្រប់គ្រង និងប្រតិបត្តិ លើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អស់រយៈពេលប្រមាណ៣០ឆ្នាំ កន្លងមកហើយ។
ទន្ទឹមគ្នានេះ មន្ដ្រីជាន់ខ្ពស់អាកាសចរស៊ីវិល រូបនេះ រំពឹងថា ក្រោមកិច្ចព្រមព្រៀងនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងលេចមុខមាត់ និងធ្វើឱ្យការផ្តល់សេវាកម្ម កាន់តែប្រសើរឡើង ក្នុងចំណោមប្រទេសក្នុងតំបន់ និងពិភពលោក។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានថ្លែងថា «តាមរយៈការជ្រើសរើស VINCI ឱ្យធ្វើប្រតិបត្តិការសេវាកម្ម អាកាសយានដ្ឋានសំខាន់ៗ យើងប្តេជ្ញាបន្តធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តាមរយៈគម្រោង ដែលស្របតាមស្តង់ដារអន្តរជាតិ»។
បន្ថែមពីនោះទៀត លោកអ្នកឧកញ៉ាបណ្ឌិត បានបន្ដថា «ចក្ខុវិស័យរបស់យើង គឺបន្តពង្រីកព្រលានយន្តហោះអន្តរជាតិតេជោ (TIA) ក្នុងទសវត្សរ៍ខាងមុខ ដើម្បីគាំទ្រដល់កំណើន សេដ្ឋកិច្ចរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់»។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕