(ភ្នំពេញ)៖ ប្លង់ប្រាសាទអង្គវត្ត និងប្លង់ដែលថៃលួចចម្លងទៅសាងសង់នៅខេត្តបុរីរម្យ ប្រទេសថៃ មានភាពស្រដៀងគ្នាណាស់។

ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ។

លោកស្រី បានគូសរំលេចថា ការសាងសង់នោះ មិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។

លោកស្រីបានបន្ថែមថា ទោះបីកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។

តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកស្រី រដ្ឋមន្ត្រីស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ ពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់៕