(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិទំាងបួន ដូចជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យជ័យវវ្ម័នទី៧ និងមន្ទីរពេទ្យកុមារជាតិ ដែល បានរៀបចំដោយក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌល ជាតិគាំពារមាតាទារក និងមន្ទីរពេទ្យព្រះអង្គឌួង ដែលគាំទ្រថវិកា និងបច្ចេកទេសដោយ UNFPA និង រដ្ឋាភិបាលអូស្រ្តាលី។
វគ្គបណ្ដុះបណ្ដាលនេះ ចាប់ពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥ ដែលប្រព្រឹត្ដទៅមន្ទីរពេទ្យព្រះអង្គឌួង ដោយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃបិទវគ្គបណ្ដុះបណ្ដាលនេះ ខណៈដែលពិធីបិទនិងបើកវគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងក្រោមអធិបតីភាពលោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រី អ៊ឹម សិទ្ធិការ្យ វគ្គបណ្តុះបណ្តាលនេះ គឺក្នុងគោលបំណង អភិវឌ្ឍន៍ សមត្ថភាព របស់មន្ទីរពេទ្យជាតិ ទាំង៤ ស្តីពីការពិនិត្យ មរណភាព មាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដើម្បីពន្លឿនការកាត់បន្ថយ អត្រាមរណភាពមាតា និងទារក និងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារកនៅកម្ពុជា។
លោកស្រីបានថ្លែងបញ្ជាក់ថា ចាប់តាំងពីការបណ្តុះបណ្តាលក្នុងខែមីនាកន្លងមក គណៈកម្មការMPDSR ថ្នាក់ជាតិ និងគណៈកម្មការមន្ទីរពេទ្យជាតិទាំងបួន ដែលទទួលបានការបណ្តុះបណ្តាល បានជួយគាំទ្រផ្នែកបច្ចេកទេសដល់មន្ទីរសុខាភិបាលរាជធានីខេត្ត ក្នុងការពិនិត្យករណីរមរណភាពមាតា-ទារក ចំនួន២៨ករណី (១៨ ករណីសម្រាប់មាតា និង១០ សម្រាប់ទារកជុំវិញកំណើត) ក្នុងរាជធានីខេត្តចំនួន ៩ និង២មន្ទីរពេទ្យជាតិ (កំពត កំពង់ស្ពឺ កំពង់ធំ បាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង កំពង់ចាម មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
«ទន្ទឹមនឹងនេះដែរយើងនូវមានបញ្ហាយឺតយ៉ាវក្នុងការរាយការណ៍ករណីមរណភាពមាតាពីថ្នាក់រាជធានីខេត្ត ដែលភាគច្រើនករណីរទទួលបានពីបណ្តាញសង្គម ដែលទាមទារការពង្រឹងប្រព័ន្ធរាយការណ៍របស់យើង មកដល់លេខាធិការដ្ឋាននៃគណៈកម្មការ MPDSR ថ្នាក់ជាតិ។ ខ្ញុំសូមគួសបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ភាពជោគជ័យនៃអនុវត្តប្រព័ន្ធ MPDSR ទៅដល់ថ្នាក់រាជធានីខេត្ត និងមូលដ្ឋានសុខាភិបាលរាជធានីខេត្ត និងស្រុក គឺអាស្រ័យលើការចូលរួមរបស់មន្ទីរពេទ្យជាតិទាំង៤ ដែលត្រូវបន្តបណ្តុះបណ្តាលគ្រូបង្គោលដល់គណៈកម្មការ MPDSR រាជធានីខេត្តទាំង២៥ នៅពេលខាងមុខ ទៅតាមរចនាសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យរាជធានីខេត្តរបស់ខ្លួន»។ ការបញ្ជាក់បន្ថែមរបស់លោកស្រីរដ្ឋលេខាធិការ។
លោកស្រីសាស្ដ្រាចារ្យក៏បានអំពាវនាវដល់ដល់សិក្ខាកាមទាំងអស់ មេត្តាប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹងទាំងនេះសម្រាប់មន្ទីរពេទ្យខ្លួន ក៏ដូចជាការបណ្តុះបណ្តាលដល់គណៈកម្មការ MPDSR ថ្នាក់រាជធានីខេត្ត។
លោកស្រីបានបន្ដថា ខណៈដែលប្រព័ន្ធ MPDS ទាមទារការចូលរួមក្នុងការរាយការណ៍គ្រប់ករណីមរណភាពទាំងអស់ទាំងក្នុង មូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍ និងគោលដៅពង្រឹងគុណភាពសេវាសុខាភិបាល យើងត្រូវពង្រឹងវប្បធម៌នៃការរក្សាការសង្ងាត់ និងការមិនស្តីបន្តោស តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដែលយើងនឹងគ្រោងធ្វើការផ្សព្វផ្សាយជាផ្លូវការនូវពិធីសារជាតិស្តីពី ពិនិត្យមរណភាពមាត និងទារកជុំវិញកំណើត និងការឆ្លើយតប នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥»។ គណៈកម្មការ MPDSR ថ្នាក់ជាតិក៏នឹងសហការជាមួយស្ថាប័នផ្សេងទៀតដូចជា គណៈវិជ្ជាជីវៈសុខាភិបាល និងក្រុមការងារ សវនកម្ម របស់ក្រសួងសុខាភិបាល ដែលមានគោលដៅរួមក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីកាត់បន្ថយមរណភាពមាតានិងទារក តាមរយៈការសម្របសម្រួល និងកិច្ចសហកា។
ក្នុងនាមក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងពង្រឹងគុណភាព នៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធពិនិត្យមរណភាពមាតា-ទារក និងឆ្លើយតប និងពង្រីកប្រសិទ្ធភាព នៃប្រព័ន្ធទៅគ្រប់មូលដ្ឋានសុខាភិបាលខេត្ត-រាជធានីទាំងអស់ ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្និអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅគ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ២០៣០។
នៅក្នុងឱកាសនេះដែរលោកស្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី មូលនិធិសហ ប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបាន ជួយគាំទ្រទាំង បច្ចេកទេស និងថវិកាមជ្ឈមណ្ឌល ជាតិគាំពារ មាតា និងទារក និង មន្ទីរពេទ្យព្រះអង្គឌួងគ្រូបង្គោលថ្នាក់ជាតិ និងដៃគូពាក់ព័ន្ធ ដែលបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងបន្តគាំទ្រតាមរយៈការបង្កើតប្រព័ន្ធតាមដានវឌ្ឍនភាពការងារ MPDSR តាមប្រព័ន្ធអនឡាញ ការចែករំលែកភស្តុងតាងរកឃើញថ្មី និងផ្តោត លើការឆ្លើយតប ដែលជាសមាសភាគសំខាន់នៃប្រព័ន្ធ MPDSR។
សូមជម្រាបថាវគ្គបណ្តុះបណ្តាលដ៏មានតម្លៃនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការយល់ដឹង និងពង្រឹងសមត្ថភាពរបស់សិក្ខាកាមផ្នែកសុខាភិបាល ដែលជាអ្នកជួបប្រទះ និងដោះស្រាយបញ្ហាសុខភាព សាធារណៈ ដោយពិសេសបញ្ហាមរណភាពមាតា និងទារកជុំវិញកំណើតនៅក្នុងប្រទេសកម្ពុជា។បញ្ហាមរណភាពស្ត្រីមានផ្ទៃពោះ និងទារក គឺជាបញ្ហាសុខាភិបាលសាធារណៈដ៏ធ្ងន់ធ្ងរមួយ ដែលទាមទារឱ្យយើងមានការសហការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកមូលហេតុ និងអនុវត្តវិធាន ការណ៍ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយបញ្ហានេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង៕