(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ស្បៀងចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ឆ្លើយតបពេលមានគ្រោះមហន្តរាយផ្សេងៗ។
ពិធីប្រគល់-ទទួលនេះមានការចូលរួមពីលោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី មុំ ពុទ្ធីតា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជា ខេត្តឧត្តរមានជ័យ តំណាង លោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខា។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។
លោកវេជ្ជ. អ៊ុយ សំអុន បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយក្តីនឹករលឹក និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដែលបានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការផ្តល់សេវាមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានឆាប់រហ័សនិងទាន់ពេលវេលា។
ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ស្បៀងចំនួន២០០គ្រួសារ សម្រាប់ជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតរួមមាន ចាស់ជរា ស្រ្តីម៉េម៉ាយមានកូនច្រើន ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ ជាដើម។
ក្នុងឱកាសនេះ លោកស្រី មុំ ពុទ្ធីតា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិនទុក្ខនរណាម្នាក់ចោលឡើយ។
នាឱកាសថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់ស្បៀងសម្រាប់ត្រៀមជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅពេលមានគ្រោះមហន្តរាយផ្សេងនានា។ លោកស្រីតំណាងឱ្យប្រជាពលរដ្ឋនៅខេត្ដឧត្ដរមានជ័យ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា និងរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន សម្បូរសប្បាយជានិច្ចនិរន្តរ៍៕