(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការបណ្តុះបណ្តាលចំណេះដឹងជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មានឱ្យកាន់តែច្រើន និងមានសមត្ថភាពគ្រប់គ្រាន់ គឺជាការជួយផ្តល់នូវចំណេះដឹងដល់សាធារណជន ដើម្បីពង្រឹងនូវចំណេះប្រើប្រាស់ផ្នែកហិរញ្ញវត្ថុឱ្យយមានសុវត្ថិភាព និងសេដ្ឋកិច្ចផ្សេងៗ។

ការថ្លែងបែបបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោក រួមជាមួយលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិតបតីភាពចុះអនុស្សរណៈនៃការយោគយល់ រវាងក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ចំណុចនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងកម្ពុជា គឺមានអ្នកសារព័ត៌មានជំនាញផ្នែកសេដ្ឋកិច្ចមានមួយចំនួន និងមិនទាន់យល់ពាក្យសេដ្ឋកិច្ចបានច្បាស់លាស់ ត្រង់នេះជាឧបសគ្គមួយនៅក្នុងការយល់ពីប្រធានបទទាក់ទងវិស័យសេដ្ឋកិច្ច។ ដូច្នេះ ប្រិសនបើជាអ្នកសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច មិនយល់ពីប្រធានបទ ពាក្យគន្លឹះសេដ្ឋកិច្ច តើអ្នកអានរបស់គាត់យល់ដែរ ឬទេ? ដូច្នេះ ចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាលជំនាញផ្នែកសេដ្ឋកិច្ចជាមុនដល់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចនេះឱ្យមានចំណេះដឹងទូលំទូលាយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា កិច្ចការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន ផ្នែកសេដ្ឋកិច្ចនេះ ក្រសួងព័ត៌មាននឹងធ្វើកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា៖ «ការធ្វើឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ពីសុវត្ថិភាពផ្នែកហិរញវត្ថុ គឺជាការចាំបាច់ ព្រោះប្រជាពលរដ្ឋមួយចំនួនកាលណាគាត់ទទួលបានព័ត៌មានមិនត្រឹមត្រូវ ហើយជាមួយចិត្តមនុស្សលោមលន់ចង់បានច្រើនថែមទៀត ហើយការដែលឃោសនា និងក្រុមហ៊ុនមួយចំនួនបើកដំណើរការគ្មានសុវត្ថិភាពត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋធ្វើការវិនិយោគទៅខុស ហើយបាត់ធនធានរបស់គាត់»។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដូច្នេះ ការចុះអនុស្សារណៈនាឱកាសនេះ គឺដើរលើផ្លូវត្រូវ ត្រង់ថាយើងត្រូវរួមគ្នាធ្វើការផ្សព្វផ្សាយពន្យល់ឱ្យបានយល់ ហើយចាំបាច់ឱ្យប្រជាពលរដ្ឋចូលរួម, អញ្ចឹងហើយបានជានៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសាធារណៈ ត្រូវមានចំណុចសំខាន់ចំនួន៥រួមមាន៖ ធ្វើឱ្យគេយល់ដឹង, ធ្វើឱ្យគេចងចាំ, ធ្វើឱ្យគេចូលរួមគាំទ្រ និងចូលរួមផ្សព្វផ្សាយ។

លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា បង្កើតកម្មវិធីប្រចាំខែផ្តោតសំខាន់លើការផ្តល់ចំណេះដឹងផ្នែកសេដ្ឋកិច្ច និងមូលបត្រទីផ្សារ ដើម្បីផ្សព្វផ្សាយតាមប្រភពផ្លូវការ គឺជាការចាំបាច់។ តាមរយៈកម្មវិធីនេះផ្តល់ឱកាសដល់និយ័តករមូលបត្រកម្ពុជា ក្នុងការផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋ និងសាធារណជនបានដឹង អំពីសារៈសំខាន់នៃវិស័យមូលបត្រដែលគ្រប់គ្រងដោយ និយ័តករមូលបត្រកម្ពុជា។ ទន្ទឹមនេះការចូលរួមពង្រឹងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ គឺជាការចាំបាច់ បើសិនជាផ្សារភាគហ៊ុនរបស់កម្ពុជាមានសកម្មភាពខ្លាំង នោះកាន់តែមានសកម្មភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេសផ្សេងៗទៀត។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏ធ្វើកិច្ចការងារស្ថិតក្នុងប្រពន្ធ័ «ជវភាពនៃប្រព័ន្ធតូអង្គតែមួយ» ដែលជួយគាំទ្រទៅដល់ ក្រសួង ស្ថាប័ន និងអង្គភាពរបស់រដ្ឋផ្សេងៗទៀតទៅលើការផ្សព្វផ្សាយព័ត៌មាន។ ក្រសួងព័ត៌មាន មានបណ្ដាញផ្សព្វផ្សាយផ្លូវការធំៗចំនួន៤ គឺអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក), អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK), ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) និង APP ក្រសួងព័ត៌មាន (APP MoINFO) ដែលផ្សព្វផ្សាយ និងផលិតព័ត៌មានប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងផ្លូវការ។

សម្រាប់ ស៊ូ សុជាតិ បានថ្លែងថា តាមរយៈការប្រើប្រាស់យន្តការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន មិនត្រឹមតែអាចពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងមានប្រយោជន៍នោះទេ ព្រមទាំងជួយជំរុញការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ដូចជា៖ ចំណេះដឹងមូលដ្ឋាន និងបទប្បញ្ញត្តិ ក៏ដូចជាបច្ចេកទេសនៃការវិនិយោគ និងការបោះផ្សាយលក់មូលបត្រជាសាធារណៈ ទៅដល់សាធារណជនជាពិសេសវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយសក្តានុពល ដើម្បីជំរុញការចូលរួមឱ្យកាន់តែច្រើននៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គូរបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា ធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មានទាំងអត្ថបទ រូបថត រូបភាព វីដេអូរបស់និយ័តករមូលបត្រកម្ពុជា ឱ្យបានលឿន រហ័ស ទាន់ពេលវេលា ប្រកបដោយគុណភាព ទៅដល់សាធារណជនទូទៅ ជាអាទិ៍ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទទួលបានតាមគ្រប់ទម្រង់ និងមធ្យោបាយនៃការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿ ទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន៕