(ព្រះវិហារ)៖ លោក វង្ស​ សណ្តាប់​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងមន្ត្រីពាក់ព័ន្ធ បានចុះចែកគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន ៤ឃុំ នៅក្នុងស្រុកឆែប។

នៅក្នុងឱកាសនេះដែរលោក វង្ស សណ្តាប់ បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូនប្រជាពលរដ្ឋទូទាំងស្រុកឆែប និយាយរួមបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។

លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងជម្រាបជូនប្រជាពលរដ្ឋថា ការផ្តល់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅពេលនេះ​  គឺក្រោមការគិតគូរដ៍ខ្ពង់ខ្ពស់របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចអញ្ជើញសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តព្រះវិហារ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយសម្តេចបានណែនាំដល់អាជ្ញាធរខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ជំរុញប្រជាពលរដ្ឋដាំដុះដំណាំរួមផ្សំផ្សេងៗដើម្បីផ្គត់ផ្គង់ទីផ្សារ ពិសេសផ្គត់ផ្គង់កងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ដោយយើងមិនបាច់ទិញបន្លែ ផ្លែឈើ មកពីភ្នំពេញនិងខេត្តនានាផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤ឃុំ ដែលទទួលបានពូជបន្លែដោយឥតគិតថ្លៃនាពេលនេះរួមមាន៖ ទី១.ឃុំឆែបមួយ មានចំនួន​ ៣ភូមិ ប្រជាពលរដ្ឋសរុបចំនួន ៤២៦គ្រួសារ ទី២. ឃុំឆែបពីរ មាន៤ ភូមិ ប្រជាពលរដ្ឋសរុបចំនួន ១៧៨គ្រួសារ ទី៣ .ឃុំកំពង់ស្រឡៅមួយ ចំនួន៥ភូមិ ប្រជាពលរដ្ឋចំនួន៣៧២គ្រួសារ និងទី៤.ឃុំកំពង់ស្រឡៅពីរ មាន៤ភូមិ ប្រជាជនចំនួន២៤១គ្រួសារ និងបានចែកជូនតាមសាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល និងវត្តអារ៉ាមផងដែរ៕