(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដង្ហែតាមក្បួនថ្មើរជើងនៃពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say "No" to Fake News» ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ដែលបានធ្វើឡើងនៅទីតាំងរង្វង់មូលវិមានឯករាជ្យក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន និងសិស្សានុសិស្សជាច្រើនរូបទៀត។
លោក អ៊ុក គឹមសេង បានកត់សម្គាល់ថា បច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿនធ្វើឱ្យយើងមិននឹកស្មានដល់នៃការផលិតព័ត៌មាន និងមាតិកាដែលជាព័ត៌មានក្លែងក្លាយដោយបង្កើតរូបភាពក្លែងក្លាយរបៀបប្រាកដនិយម ដែលមើលទៅសឹងតែមិនយល់ថា មាតិកាដែលគេបង្ហោះលើបណ្តាញសង្គមនោះវាជារឿងពិតឬរឿងប្រឌិត។ លោក ក៏បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមចែករំលែកសារវីដេអូដែលនិយាយចេញពីសម្លេងពិតរបស់មនុស្ស។
ក្នុងឱកាសនេះ ឡុង ឌីម៉ង់ បានលើកឡើងថា បញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មានដែលមានចរិកបំភាន់ និងបំពុលសង្គមហើយងាយបោកប្រាស់ប្រជាពលរដ្ឋ, ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្តាញសង្គមដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍ នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម។ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀត យុវជនគឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។
សូមជម្រាបថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ត្រូវបានក្រសួងព័ត៌មាន ប្រកាសបើកជាផ្លូវការក្នុងរយៈពេល១២ខែ ពោលគឺបានចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ យុទ្ធនាការនេះ ត្រូវអនុវត្តន៍នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយក្នុងសង្គម៕