(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល តំណាងសហគ្រិនវ័យក្មេង បានថ្លែងបញ្ជាក់ថា ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមតែទទួលបានផលចំនេញនោះទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេសការវិនិយោគទៅអនាគត។
លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ដូចនេះ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលសហការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាល ផ្នែកសហគ្រិនវ័យក្មេង និងដែលគាំទ្រដោយធនាគារARDB។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល, លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។
នៅក្នុងសិក្ខាសិលានេះលោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា នៅក្នុងសិក្ខាសាលានៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយសូមសម្តែងកោតសរសើរដល់សហគ្រិនវ័យក្មេង ស្របពេលដែលសេដ្ឋកិច្ចពិភពកំពុងតែមានភាពមិនប្រាកដប្រជា និងសេដ្ឋកិច្ចកម្ពុជាដែលក៏កំពុងតែមានការងើបឡើងដែលបង្ហាញឲ្យឃើញនូវសូចនាករមួយនៃការជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ សហគ្រិនមិនត្រឹមតែបង្កើតអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកនៃការកសាងជាតិរបស់ពួកគាត់ ជាពិសេស ការបង្កើតអាជីវកម្មបៃតង និងសេដ្ឋកិច្ចបៃតងជាដើម។
លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា បើយើងក្រឡែកមើលជាក់ស្តែង តាមពិតទៅ វិស័យកសិកម្មកម្ពុជានៅតែបន្តរក្សាបាននូវស្ថេរភាពល្អ ទោះបីស្ថានភាពសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់ក៏ដោយហើយកំណើនវិស័យកសិកម្មទៀតសោធត្រូវបានគាំទ្រ ជាមួយអនុវិស័យមួយចំនួនដូចជា ដំណាំស្រូវ ដំណាំស្វាយចន្ទី ដំណាំកៅស៊ូ និងដំណាំដំឡូងមីជាដើម។
ទន្ទឹមនោះលោកបណ្ឌិតបានរំលឹកថា បច្ចុប្បន្ននេះ វិស័យកសិកម្មនេះកំពុងធ្វើធ្វើបដិវត្តន៍កម្មបែបទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ទទួលបានទិន្នផលខ្ពស់ ក្នុងចក្ខុវិស័យឈានទៅរកការធ្វើកសិកម្មប្រកបដោយចីរភាពនិងធានាបានបរិយាបន្នសេដ្ឋកិច្ច តាមរយ:ការទទួលបានការគាំទ្រហិរញ្ញពីរាជរដ្ឋាភិបាល។
លោកបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម បានផ្តល់ទស្សនវិស័យមួយចំនួនសម្រាប់កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់ឱកាសអាជីវកម្មថ្មី និងទៅអនាគតដូចជា គឺ ទី១ មូលធនមនុស្ស ទី២ នាវានិវត្តន៍កសិកម្ម ទី៣ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទី៤ ចីរភាពបរិស្ថាន ទី៥ ការកសាង សមត្ថភាពស្ថាប័ន ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ក្នុងការរួមចំណែកអភិវឌ្ឍន៍នៅក្នុងសង្គមជាតិទាំងមូល៕