(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តំណាងផ្នែកឯកជន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥​នេះ បានដឹកនាំកិច្ចប្រជុំផ្នែកឯកជន ស្តីពី «ផលប៉ះពាល់ និងការកំណត់វិធានការ ពង្រឹងភាពប្រកួតប្រជែង សម្រាប់ការនាំចេញ ពីអត្រាពន្ធសហរដ្ឋអាមេរិកថ្មី»

កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ មានដូចជា សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ សមាគមធុរកិច្ចជាតិ-អន្តរជាតិ សភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា និងធុរជន-វិនិយោគិនជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ៖

១៖ ដើម្បីឆ្លើយតបនឹងការព្រួយបារម្មណ៍របស់វិស័យឯកជន នៃសមត្ថភាពប្រកួតប្រជែង ដែលនឹងជះឥទ្ធិពលអវិជ្ជមាន ដោយអត្រាពន្ធ ៣៦% របស់សហរដ្ឋអាមេរិក លើទំនិញនាំចេញពីកម្ពុជា ដែលបច្ចុប្បន្នបានប្រកាសជាផ្លូវការហើយ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។

អាត្រាពន្ធនេះ នឹងមានផលប៉ះពាល់ និងហានិភ័យពន្ធនាពេលអនាគត ដល់វិស័យឧស្សាហកម្ម និងចង្វាក់ផលិតកម្មឧស្សាហកម្ម និងវិស័យផ្សេងៗមួយចំនួនទៀត ក្នុងទិសដៅសកម្មភាពនាំចេញ ទៅទីផ្សារសហរដ្ឋអាមេរិក។

២៖ វិស័យឯកជនត្រូវការមានទស្សនៈរួម ដើម្បីជា ជំហរមុននឹងដាក់សំណើផ្លូវការ ដល់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាឲ្យបាននូវសមត្ថភាព នាំចេញមានស្ថិរភាព ការពារការងារ និងស្តារឡើងវិញនូវទំនុកចិត្តរបស់ ធុរជន និងវិនិយោគិន នៅកម្ពុជា។

៣៖ កិច្ចប្រជុំនេះ ក៏អាចជាធាតុចូល សំណើ ការផ្តល់យោបល់នានា ពីផ្នែកឯកជន ដែលមាន លក្ខណៈជាយុទ្ធសាស្ត្រដែលសមស្រប និងជាដំណោះស្រាយលើផលប៉ះពាល់ និងការកំណត់ វិធានការពង្រឹងភាពប្រកួតប្រជែង ក្រោមយន្តការវេទិការាជរដ្ឋាភិបាលផ្នែកឯកជន។

អង្គប្រជុំបាន ពិភាក្សាលើវិស័យមួយចំនួន រួមមាន៖ ១. វិស័យឧស្សាហកម្មវាយនភណ្ឌសម្លៀកបំពាក់ ការបូប ស្បែកជើង, ២. វិស័យភស្តុភាកម្ម, ៣. វិស័យកសិកម្ម ៤. វិស័យកម្មន្តសាល, ៥. វិស័យថាមពល និងវិស័យផ្សេងៗទៀត៕