(កោះកុង)៖ អធិការដ្ឋាននគរបាលស្រុកកោះកុង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចេញសេចក្តីបំភ្លឺជុំវិញការបង្ហោះវីដេអូ តាមប្រព័ន្ធបណ្តាញហ្វេសប៊ុក (Facebook) របស់ឈ្មោះ Sith Sihanna ដែលបានបង្ហោះ ចោទប្រកាន់ថា ប៉ូលិសចរាចរណ៍មានសិទ្ធិហៅឆែកប៉ាស្ទ័រភ្ញៀវ (ជនបរទេស) ដែលផ្ទុយពីការពិត។
សេចក្តីបំភ្លឺរបស់អធិការនគរបាលខេត្តកោះកុង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូចនេះជា ឆ្លើយតបនៅក្នុងករណីខាងលើនេះ អ្នកនាំពាក្យរបស់អធិការដ្ឋាននគរបាលស្រុកកោះកុង សូមធ្វើការបំភ្លឺ និងជម្រាបជូនដល់សាធារណៈជនឲ្យបានជ្រាបថា៖ ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងមានការឯកភាពពីគណៈបញ្ជារការឯកភាពរដ្ឋបាលស្រុកកោះកុង បានអនុញ្ញាឲ្យអធិការដ្ឋាននគរបាលស្រុកកោះកុង ដាក់គោលដៅបង្ការបង្ក្រាប់បទល្មើស ២៤ម៉ោង លើ ២៤ម៉ោង លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩២-៩៣ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ប្រតិបត្តិការនេះធ្វើការត្រួតពិនិត្យលើរថយន្ត និងម៉ូតូបើកបរគ្រប់ប្រភេទ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប់បទល្មើសគ្រប់ប្រភេទ ដោយមានកម្លាំងជំនាញចំរុះរួមមាន៖ កម្លាំងជំនាញសណ្តាប់ធ្នាប់សាធារណៈ, កម្លាំងជំនាញអន្តោប្រវេសន៍, កម្លាំងជំនាញគ្រឿងញៀន និងកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញអន្តរាគមន៍ពិសេស នៃអធិការដ្ឋាន អនុវត្តតាមតួនាទីភារកិច្ចរបស់ជំនាញរៀងៗខ្លួន ហើយកម្លាំងជំនាញចរាចរណ៍ គឺសហការត្រួតពិនិត្យសម្រួបសម្រួលចរាចរណ៍លើដងផ្លូវ លើកដំបងធ្វើសញ្ញាបញ្ជារឲ្យអ្នកបើកបររថយន្ត និងម៉ូតូ លើផ្លូវជាតិ៤៨ ឈប់ដើម្បីឲ្យកម្លាំងជំនាញអន្តោប្រវេសន៍ កម្លាំងជំនាញគ្រឿងញៀន និងកម្លាំងជំនាញព្រហ្មទណ្ឌ ធ្វើការត្រួតពិនិត្យអនុវត្តតាមជំនាញរៀងៗខ្លួនតែប៉ុណ្ណោះ ពុំដូចការចោទប្រកាន់របស់គណនី ហ្វេសប៊ុក (Facebook) របស់ឈ្មោះ Sith Sihanna ខាងលើឡើយ ។
គន្លងមកកម្លាំងជំនាញនៃអធិការដ្ឋានបានបង្ក្រាប់បានករណីធំៗជាច្រើនករណីរួមមាន៖ ករណីចោរកម្ម, ករណីដឹកជញ្ជូនមនុស្សខុសច្បាប់, ករណីចាប់ជំរិតទារប្រាក់ និងករណីដឹកជញ្ជូនចែកចាយសារធាតុញៀនខុសច្បាប់ ចំនួន ប្រមាណ ៤គីឡូក្រាម នឹងបទល្មើសផ្សេងៗទៀត ផងដែរ៕