(ភ្នំពេញ)៖ លោកបណ្ឌិត សួង ម៉េងគា រដ្ឋលេខាធិការតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក» ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងសមាគម សហគ្រាស ក្រុមហ៊ុនឯកជន ដែលពាក់ព័ន្ធនឹងវិស័យថ្មអារ សរុបប្រមាណ ៣៦០រូប។
កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចម្បងជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដែលជាធនធានធម្មជាតិដ៏មានតម្លៃ របស់កម្ពុជា ស្របតាមសេចក្តីណែនាំលេខ ០០៦ សហវ.សណន ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចូលរួមប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានា ដែលប្រើប្រាស់ថវិការដ្ឋ ជូនដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សិក្ខាសាលានេះក៏ជាវេទិកាជំនួបរវាងរដ្ឋ និងឯកជន ដែលមានក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ជាមួយនឹងសមាគមថ្មអារកម្ពុជា, សមាគមអ្នកសាងសង់កម្ពុជា, ក្រុមហ៊ុនឯកជន, សហគ្រាសពាណិជ្ជកម្ម និងម្ចាស់អាជីវកម្ម ដែលផ្គត់ផ្គង់ថ្មអារក្នុងស្រុក ដើម្បីកសាងទំនាក់ទំនង និងបានយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះវិស័យថ្មអារ អំពីស្ថានភាពអាជីវកម្មថ្មអារ យថាប្រភេទថ្មអារ សោភ័ណភាព និងគុណភាពថ្មអាររបស់កម្ពុជា ព្រមទាំងគុណប្រយោជន៍ នៃការចូលរួមប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព។
ថ្លែងនាឱកាសនោះលោកបណ្ឌិត សួង ម៉េងគា បានគូសរំលេចបន្ថែមនូវការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានរ៉ែនិងចំណូលពីវិស័យរ៉ែ ជាពិសេសវិស័យថ្មអារនេះ។
លោកបានបន្ថែមថា ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ វិធានការសំខាន់ៗ និងដំណោះស្រាយបញ្ហាប្រឈម ជាបន្តបន្ទាប់ដូចជា៖ (១) ការកែសម្រួលអត្រាអាករនាំចេញលើមុខសញ្ញាទំនិញថ្មធម្មជាតិ, (២) ការសម្របសម្រួលការផ្តល់សេវា សាធារណៈ នីតិវិធីសម្រាប់ការធ្វើអាជីវកម្ម និងការនាំចេញថ្មអារ ជូនដល់វិនិយោគិន ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស, (៣) ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដ្ឋានរ៉ែ ដូចជា ការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៊ិនធើណិត នៅតាមបណ្ដាការដ្ឋានរ៉ែឆ្ងាយដាច់ស្រយាល, (៤) ការដាក់ចេញនូវវិធានការបញ្ចៀសនូវរាល់ការធ្វើអាជីវកម្មខុសច្បាប់ របស់ក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ ការគេចវេះពន្ធគយពីការនាំចេញថ្មអារ និងការប្រកួតប្រជែងមិនស្មោះត្រង់, (៥) ការកាត់បន្ថយនីតិវិធីត្រួតពិនិត្យការនាំចេញផលិតផលថ្មអារ ដោយអនុញ្ញាតឱ្យមន្ត្រីគយ ត្រួតពិនិត្យមិនលើសពី ៥% នៃបរិមាណទំនិញនាំចេញមួយលើកៗ រីឯទំនិញ ៩៥% ទៀត ដែលមិនជាប់កាតព្វកិច្ចត្រួតពិនិត្យ ត្រូវសម្រួលនីតិវិធីឱ្យនាំចេញបានឆាប់រហ័ស, (៦) ក្រសួងរ៉ែនិងថាមពល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតខ្សែទូរស័ព្ទ Hot Line ដើម្បីទទួល និងដោះស្រាយបញ្ហានានា ជាយថាហេតុ,(៧) ក្រសួង ពាណិជ្ជកម្ម ត្រូវសម្រួលនីតិវិធីក្នុងការផ្ដល់វិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញមកត្រឹម ២ថ្ងៃ នៃថ្ងៃធ្វើការ។
ជាលទ្ធផលនៃការអនុវត្តគោលនយោបាយលើវិស័យថ្មអារខាងលើបានជំរុញឱ្យការនាំចេញផលិតផលថ្មអារកើនឡើងប្រមាណ ៥១៨% ព្រមទាំងមានការកើនឡើងនូវចំណូលជាគុណប្រយោជន៍ដល់ថវិកាជាតិក្នុងនោះ ចំណូលមិនមែនសារពើពន្ធ (ចំណូលពីសួយសារ) កើនឡើង៦៧៤%, ចំណូលសារពើពន្ធ៖ ចំណូលពន្ធដារ កើនឡើង ១២៣% និងចំណូលពន្ធគយ កើនឡើង ១៤០% បើប្រៀបធៀបរយៈពេល ១៥ខែ រវាងដំណាក់កាលមុនការដាក់ចេញនូវគោលនយោបាយជំរុញវិស័យថ្មអារ ត្រឹមខែកញ្ញា ឆ្នាំ២០២៣(ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៣) និងដំណាក់កាល ១៥ ខែ ក្រោយការដាក់ចេញនូវគោលនយោបាយជំរុញវិស័យថ្មអារ (ពីខែតុលា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៤)។
លោកបណ្ឌិត សួង ម៉េងគា បញ្ជាក់ទៀតថា ដោយអនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយនឹងក្រសួងរ៉ែនិងថាមពល និងស្ថាប័នឯកជនពាក់ព័ន្ធ បន្តប្តេជ្ញាជំរុញអភិវឌ្ឍវិស័យថ្មអារ ឱ្យកាន់តែរីកចម្រើនទៅមុខ ដោយបន្តសហការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការពង្រឹងសមត្ថភាពជំនាញបច្ចេកទេសក្នុងការកែច្នៃ ការរចនាម៉ូដ និងពង្រឹងគុណភាពថ្មអារ ដើម្បីធានាការប្រកួតប្រជែងស្មើភាព តម្លាភាព និងយុត្តិធម៌ ព្រមទាំងបំពេញកាតព្វកិច្ចបង់ចំណូលជូនរដ្ឋឱ្យបានត្រឹមត្រូវ និងបញ្ចៀសឱ្យបាននូវរាល់អំពើអសកម្មទាំងឡាយ ជាអាទិ៍ ការគេចវេះពន្ធ ការប្រកួតប្រជែងមិនស្មើភាព និងការក្លែងបន្លំនានា ដែលអាចជះឥទ្ធិពលមិនល្អដល់វិស័យថ្មអារជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបាននូវលទ្ធផល និង សមិទ្ធផលថ្មីៗ ល្អៗ ជាច្រើនទៀតក្នុងវិស័យថ្មអាររបស់កម្ពុជានាពេលអនាគត៕