(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ត្រូវរៀបចំឲ្យមាន «អាហារហាឡាល់ និងកន្លែងសម្រាប់បងប្អូនមូស្លីមថ្វាយបង្គំ» ដើម្បីទាក់ទាញទេសចរណ៍មូស្លីម ទាំងកម្រិតជាតិ និងអន្តរជាតិ រួមជាមួយនឹងការៀបចំផលិតផលទេសចរណ៍ផ្សេងៗទៀត សម្រាប់ទទួលស្វាគមន៍។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោក ហួត ហាក់ នៅក្នុងពិធីបើកវេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ប្រជានេសាទ និងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប» នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ សុខា សៀមរាប។

លោករដ្ឋមន្ត្រី បានបន្តថា នេះជាតម្លៃនៃការបំពេញបន្ថែម លើភ្ញៀវទេសចរណ៍មូស្លីមក្នុងរដូវការបៃតង ដែលមានជាច្រើនប្រទេស ក្នុងនោះដែរចំនួនប្រជាជនមូស្លីមនៅទូទាំងពិភពលោកមានចំនួន ១.៩ ប៊ីលាននាក់ ហើយប្រទេសដែលមានទំនោរមកលើយើងក្នុងដូវកាលបៃតងនេះ គឺភ្ញៀវទេសចរណ៍មូស្លីមមកពីមជ្ឈិមបូព៌ា។

លោករដ្ឋមន្ត្រី បន្តថា ទន្ទឹមនឹងនោះក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តនៃការធ្វើព្រឹត្តិការណ៍ ដោយធ្វើយ៉ាងមិចឲ្យព្រឹត្តិការណ៍ធំៗ ទាំងកម្រិតជាតិ និងអន្តរជាតិ មួយចំនួនដែលយើងតែងតែបានរៀបចំ នៅក្នុងរដូវកាលភ្ញៀវទេសចរច្រើន ឲ្យមាននៅក្នុងរដូវកាលបៃតងខ្លះ។ ជាក់ស្តែងដូចជា កាលពីថ្ងៃទី០៥ ខែកក្កដា កន្លងមកនេះ ក្រសួងទេសចរណ៍ក៏បានខិតខំសម្របសម្រួលទាក់ទាញ រួមជាមួយវិស័យឯកជន ដើម្បីសម្រេចឲ្យបាននូវផែនការនៃនាំក្រុមតារា K-POP កូរ៉េ (2NE1) ដែលជាក្រុមតារាលំដាប់ពិភពលោកមកសម្តែងនៅកម្ពុជា។

លោករដ្ឋមន្ត្រី បញ្ជាក់ថា នេះជាសារមួយដល់ពិភពលោកថា កម្ពុជាមានសុខសន្តិភាព, រាជរដ្ឋាភិបាលកម្ពុជាទាំងថ្នាក់ជាតិ រួមជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ មានសមត្ថភាពក្នុងការផ្តល់សុវត្ថភាពជូនដល់អ្នកវិនិយោគទុនជាតិ និងអន្តរជាតិ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាន១០០ភាគរយ, ប្រទេសកម្ពុជាបាននឹងកំពុងរីកចម្រើនលើគ្រប់វិស័យ។ ក្រសួងទេសចរណ៍ បាននឹងកំពុងទំនាក់ទំនងជាប្រចាំ ដើម្បីនាំយកនូវព្រឹត្តិការណ៍អន្តរជាតិល្បីៗ កម្រិតពិភពលោកចូលមកសម្តែងនៅកម្ពុជាជាបន្តបន្ទាប់ទៀតផងដែរ៕