(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានចេញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងពិធីចុះហត្ថលេខា លើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។

សូមជម្រាបថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ ដឹកនាំដោយ លោកដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី និងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដោយអាល់ហ្សេរី និងអ៊ុយរូហ្គាយ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ រដ្ឋមន្ត្រីការបរទេស បានពិភាក្សាអំពីកិច្ចខិតខំកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុងការ សម្រេចបាននូវអាទិភាព និងលទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៥ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព»។

កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរ អំពីរបាយការណ៍សង្ខេបដោយក្រុមការងារ ភូមិសាស្រ្តសេដ្ឋកិច្ចអាស៊ាន (AGTF) ដែលបានគូសបញ្ជាក់ពីតម្រូវការជាបន្ទាន់សម្រាប់អាស៊ាន ក្នុងការ ឆ្លើយតបជាយុទ្ធសាស្រ្តចំពោះទិដ្ឋភាពភូមិសាស្ត្រសេដ្ឋកិច្ចសកលដ៏ស្មុគស្មាញ។

ក្នុងន័យនេះ កិច្ចប្រជុំ បានចូលរួមក្នុងការអំពាវនាវឱ្យពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មក្នុងអាស៊ាន ការសម្របសម្រួលអន្តរសសរស្តម្ភក្នុងការរៀបចំគោលនយោបាយ ការចូលរួមពីវិស័យឯកជន និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (FTAs) ជាពិសេសភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕