(ភ្នំពេញ)៖ លោកស្រី ឡេង ដាវី អនុប្រធានសមាគមន៍ថ្មអារកម្ពុជា បានលើកឡើងថា ការជ្រើសរើសថ្មធម្មជាតិក្នុងស្រុកជាជម្រើសដ៏ល្អបំផុត ប្រើប្រាស់បានរហូតគ្មានកំណត់ មានទាំងគុណភាព ចំណេញទាំងអ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិ។ លោកស្រីបានថ្លែងបែបនេះនៅក្នុងសិក្ខាសាលា ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី «ការជំរុញការប្រើប្រាស់ផលិតផលថ្មរអារក្នុងស្រុក» ដែលបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងបទបង្ហាញលោកស្រី ឡេង ដាវី អនុប្រធានសមាគមន៍ថ្មអារកម្ពុជា បានបញ្ជាក់ថា គាំទ្រផលិតផលក្នុងស្រុក ជួយទិញគ្នាទៅវិញទៅមក ជាការគាំទ្រអាជីវកម្មខ្លួនឯង នាំឱមានការបង្កើនប្រាក់ចំណូលខ្លួនឯងផង ដែលទាំងអស់នេះបាននាំឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនដូចគ្នា។

ក្នុងនាមជាអ្នកជំនាញលើវិស័យថ្មអារ លោកស្រី ឡេង ដាវី បានបញ្ជាក់ថា ថ្មធម្មជាតិខ្មែរបានចូលទៅកាន់ទីផ្សារតាំងពីឆ្នាំ២០០៧ ហើយរាល់សំណង់អគារដែលប្រើប្រាស់ថ្មទាំងនេះ គឺនៅតែរក្សាបាននូវសោភ័ណភាពស្រស់ស្អាត រឹងមាំដដែល ហើយបច្ចុប្បន្ននេះ ថ្មធម្មជាតិក្នុងស្រុក ត្រូវបានរកឃើញកាន់តែច្រើនជម្រើសជាងមុនទៅទៀត។

សូមជម្រាបថា នៅអំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ដោយសារភាពល្បីល្បាញ និងសក្តានុពលរបស់ថ្មអារកម្ពុជា បានទាក់ទាញអ្នកវិនិយោគចំនួន ៣០ក្រុមហ៊ុន និងប្រមាណជាង៦០គម្រោង ដែលមានទុនវិនិយោគសរុបជាង២០០លានដុល្លារអាមេរិក មកដាក់ទុនវិនិយោគលើវិស័យថ្មអារនៅកម្ពុជា។ ខណៈក្រុមហ៊ុន ឫទ្ធី ក្រានីត ខេមបូឌា គឺជាក្រុមហ៊ុនដំបូងគេដែលបានទទួលអាជ្ញាបណ្ណអាជីវកម្មថ្មអារពីរាជរដ្ឋាភិបាល នីអំឡុងឆ្នាំ២០០២ និងបានទាក់ទាញអ្នកវិនិយោគជាច្រើនមកកម្ពុជាលើវិស័យមួយនេះ៕