(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន ១៥១វត្ត និងសាលាបុណ្យ ចំនួន៥ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីបុណ្យចូលព្រះវស្សា ដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
គួរជម្រាបថា ជារៀងរាល់ឆ្នាំ តាមគន្លងប្រពៃណីរបស់ព្រះពុទ្ធសានា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង អមដំណើរដោយមន្រ្តីក្រោមឱវាទ នៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ជូនដល់អភិបាលខណ្ឌទាំង១៤ ដើម្បីអភិបាលខណ្ឌបន្តប្រគេនទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមវត្តចំនួន១៥១វត្ត ទូទាំងរាជធានីភ្នំពេញ ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។
តាមទំនៀមទំលាប់ជាប្រពៃណី នៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ តទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀង ឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល៣ខែ រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែកត្តិក។
ក្នុងរយៈពេល៣ខែនេះ នៅគ្រប់ព្រះវិហារទាំងឡាយ គេតែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឲ្យឆេះជានិច្ច។ តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយម គេប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះ ពុំបានចូលព្រះវស្សា តាមកំណត់កាលវេលា៣ខែ ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ ១រោជ ខែស្រាព ហើយត្រូវគិតវស្សាឲ្យគ្រប់ ៣ខែ ដូចព្រះសង្ឃ ដែលចូលមុនគឺត្រូវចេញវិញ នៅថ្ងៃ១រោជ ខែកត្តិក ។
ចំពោះទេយ្យទាន ដែលត្រូវប្រគេនដល់ព្រះសង្ឃតាមវត្តទាំង ១៥១វត្ត និងសាលាបុណ្យ ចំនួន៥នេះ ដោយក្នុង១វត្ត និង ១សាលាបុណ្យ មានថវិកា ៤០០.០០០រៀល, ទៀនវស្សា១គូ, អង្ករ ១០០គីឡូក្រាម, សាដកចំនួន១, ស្ករស១បាវ ២៥គីឡូក្រាម, ទឹកដោះគោខាប់ ១កេស, ទឹកក្រូច៤កេស, ទឹកបរិសុទ្ធ៤កេស, មី៤កេសតូច, ត្រីខកំប៉ុង១កេស ស្មើ១០០កំប៉ុង។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានអញ្ជើញអុជទៀន អុជធុ នៅលើព្រះវិហារ សុំសេចក្ដីសុខសប្បាយ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញផងដែរ៕