(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគភូមិសាស្រ្តនយោបាយ បានលើកឡើងថា កាលពីថ្ងៃទី២ ខែកក្កដា កន្លងមកនេះ សហរដ្ឋអាមេរិកនិងវៀតណាម បានសម្រេចកិច្ចព្រមព្រៀងបដិកាពន្ធ ដែលរួមមានការយកពន្ធ ២០% ទៅ៤០% លើទំនិញវៀតណាមទៅកាន់សហរដ្ឋអាមេរិក ជាការដោះដូរទៅនឹងការនាំចូលទំនិញអាមេរិកចូលទៅវៀតណាមក្នុងកម្រិតពន្ធ០%។ នេះគឺជាអត្រាពន្ធគយដ៏ទាបបំផុតសម្រាប់បណ្តាប្រទេសអាស៊ាន បើប្រៀបធៀបទៅនឹងកម្ពុជានិងថៃ ៣៦% មីយ៉ាន់ម៉ានិងឡាវ ៤០% ឥណ្ឌូណេស៊ី ៣២% និងម៉ាឡេស៊ី ២៥%។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាវៀតណាម បានបន្តអភិវឌ្ឍន៍និងអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពឡើងក្នុងបរិបទសេដ្ឋកិច្ច និងសន្តិសុខអន្តរជាតិមិនមានភាពប្រាកដប្រជា ដែលអាចទាក់ទាញការវិនិយោគរបស់អាមេរិក ជាពិសេសក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បានផ្លាស់ប្តូរទម្រង់និងសណ្ឋានរបស់ពាណិជ្ជកម្មសកល យុទ្ធសាស្រ្តរបស់ទីក្រុងហាណូយ បានឆ្លុះបញ្ចាំងមិនត្រឹមតែការគិតគូរពីសេដ្ឋកិច្ចរយៈពេលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការគណនាអំពីការការពារភូមិសាស្ត្រនយោបាយផងដែរ។ ការទាំងអស់នេះបានជះផលប៉ះពាល់មកលើកម្ពុជាផងដែរ ជាពិសេសនៅក្នុងបរិបទនៃការចរចាពន្ធគយ ការសាយភាពនៃការវិនិយោគ សន្តិសុខព្រំដែន សន្តិសុខសាយប័រ និងការប្រកួតប្រជែងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ប្រឈមមុខនឹងការគំរាមកំហែងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ទីក្រុងហាណូយបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទទួលបាននូវការរក្សាចំណងមិត្តភាពល្អជាមួយនឹងរបស់រដ្ឋបាលលោក ត្រាំ សូម្បីតែកាត់បន្ថយពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកមកត្រឹម០% ប៉ុន្តែសហរដ្ឋអាមេរិកនៅតែសម្រេចចិត្តដាក់ពន្ធ២០% លើការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។ សម្រាប់កម្ពុជា ក៏បានធ្វើការចរចាជាច្រើនជុំជាមួយសហរដ្ឋអាមេរិក ប៉ុន្តែនៅតែប្រឈមមុខនឹងពន្ធខ្ពស់ជាងប្រទេសវៀតណាម។ ប្រធានាធិបតីអាមេរិកលោក ត្រាំ ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដោយប្រកាសថា ចាប់ពីថ្ងៃទី១ ខែសីហាឆ្នាំនេះ ពន្ធ៣៦% នឹងត្រូវដាក់លើរាល់ផលិតផលកម្ពុជាដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានថ្លែងថា កម្ពុជានៅមានពេលវេលានិងឱកាសក្នុងការចរចាបន្ថែម តែកម្ពុជា មានពេលវេលាតិចតួច ដើម្បីចរចាពន្ធបដិការឱ្យមានតម្លៃពន្ធទាប។

* យុទ្ធសាស្រ្តរបស់វៀតណាមក្នុងការទាក់ទាញវិនិយោគិនអាមេរិក

ជាមួយនឹងការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន និងការបែកខ្ញែកខ្សែសង្វាក់ផ្គត់ផ្គង់វៀតណាម បាននឹងកំពុងក្លាយខ្លួនជាមជ្ឈមណ្ឌលផលិតភស្តុភារដ៏សំខាន់ក្នុងតំបន់ និងតាមរយៈការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក ទីក្រុងហាណូយព្យាយាមការពារសេដ្ឋកិច្ចរបស់ខ្លួនពីការធ្លាក់ចុះ ដែលអាចកើតមានឡើងដោយការជាប់ពាក់ព័ន្ធក្នុងការដំឡើងពន្ធបដិការរបស់សហរដ្ឋអាមេរិក។

បន្ថែមពីនេះទៅទៀត វៀតណាមក៏បានប្រើប្រាស់ «ការទូតបច្ចេកវិទ្យា» ដែលវៀតណាមបានចាប់ផ្តើមកិច្ចព្រមព្រៀងសាកល្បង Starlink ដែលអនុញ្ញាតិឱ្យក្រុមហ៊ុននេះសាកល្បងសម្រាប់សេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់លោក អីលុន ម៉ាសន៍ រយៈពេល៥ឆ្នាំ នៅក្នុងប្រទេសរបស់ខ្លួន ដែលនេះជាការឆ្លុះបញ្ចាំងពីឆន្ទៈរបស់វៀតណាមក្នុងការទទួលយកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន ការធ្វើអោយប្រសើរឡើងនូវការតភ្ជាប់ជនបទ និងការពេញចិត្តជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក។ នេះក៏បង្ហាញពីការផ្លាស់ប្តូរពីការពឹងផ្អែកបែបប្រពៃណីលើប្រព័ន្ធឌីជីថលរបស់ចិន និងកាត់បន្ថយឥទ្ធិពលបច្ចេកវិទ្យាចិន។

ដើម្បីរក្សាតុល្យភាពពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក វៀតណាមក៏បានការទិញយន្តហោះ Boeing និងឧស្ម័នធម្មជាតិ (LNG) របស់សហរដ្ឋអាមេរិក ដែលការបញ្ជាទិញដែលមានតម្លៃខ្ពស់ទាំងនេះ គឺជានិមិត្តរូបនយោបាយ ដែលជាសញ្ញានៃការតម្រឹមយុទ្ធសាស្រ្តរបស់វៀតណាមជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ចសហរដ្ឋអាមេរិក ខណៈពេលដែលធានាបាននូវការធ្វើពិពិធកម្មថាមពល។ ចំណាត់ការទាំងនេះអាចនឹងធានាបាននូវសុឆន្ទៈ និងការពារវៀតណាមពីពន្ធគយដែលអាចកើតមាន ឬសម្ពាធសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។

នៅពាក់កណ្តាលឆ្នាំ២០២៥ គម្រោងរីសតវាយកូនហ្គោលរបស់មូលនិធិលោកត្រាំ (Trump’s Organization) នៅជិតទីក្រុង ហាណូយ ដែលមានតម្លៃ១.៥ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយរដ្ឋាភិបាលវៀតណាម ដោយមិនបានធ្វើការត្រួតពិនិត្យលើផលប៉ះពាល់បរិស្ថាន និងផ្លូវច្បាប់គ្រប់ជ្រុងជ្រោយឡើយ ដែលនេះគឺពិតជាជួនពេលទៅនឹងដំណាក់កាលចរចាពន្ធបដិការជាមួយនឹងរដ្ឋាបាលលោក ត្រាំ។ ខណៈពេលដែលមន្ត្រីបានអះអាងថា គម្រោងនេះត្រូវបានគ្រប់គ្រងដោយឯកជន ក្នុងរយៈពេលនេះបានចោទជាសំណួរពាក់ព័ន្ធទៅនឹងឥទ្ធិពលនយោបាយ និងផលប្រយោជន៍ពាណិជ្ជកម្ម ដែលការអនុម័តនេះអាចនឹងត្រូវបានសម្របសម្រួលដោយឥទ្ធិពលនយោបាយរបស់លោក ត្រាំ។ បញ្ហានេះក៏ត្រូវបានកសិករវៀតណាម បានធ្វើការតវ៉ាពាក់ព័ន្ធទៅនឹងសំណងមិនគ្រប់គ្រាន់ និងការរំលោភដីធ្លីផងដែរ។ ករណីនេះបង្ហាញពីការត្រួតស៊ីគ្នារវាងការយន្តការការទូត ពាណិជ្ជកម្មផ្ទាល់ខ្លួន និងការការពារអភិបាលកិច្ចនៅក្នុងប្រទេសវៀតណាម។

នៅពេលដែលវៀតណាមកំពុងតែធ្វើឱ្យកាន់តែស៊ីជម្រៅក្នុងការចូលរួមសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក កម្ពុជាត្រូវតែវាយតម្លៃផលប៉ះពាល់ និងរៀបចំឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញ ពាក់ព័ន្ធទៅនឹងទំហំពាណិជ្ជកម្មដ៏ធំរវាងវៀតណាមនិងសហរដ្ឋអាម៉េរិក, សម្ពាធលើអធិបតេយ្យភាពឌីជីថល និងបញ្ហាប្រឈមទៅនឹងការចរចាពន្ធបដិការជាដើម។ ប្រសិនជាគិតលើទំហំពាណិជ្ជកម្មវិញ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ គឺ១៤៩,៦ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកប្រហែល ១០,១៨ពាន់លានដុល្លារអាមេរិក ពោលគឺប្រហែលស្មើនឹង១៥ដង នៃទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិក ស្របជាមួយគ្នានេះដែរ វៀតណាមក៏នឹងកំពុងពន្លឿនការផ្លាស់ប្តូររបស់ខ្លួនឆ្ពោះទៅរកការផលិតតម្លៃខ្ពស់ និងបច្ចេកវិទ្យាបៃតង ដែលទាក់ទាញការយកចំណាប់អារម្មណ៍និងដើមទុនសម្រាប់ការវិនិយោគ ដែលអាចនឹងត្រូវបានរីករាលដាលនៅទូទាំងសេដ្ឋកិច្ចក្នុងតំបន់តូចៗ។

ខណៈពេលដែលការប្រើប្រាស់ការទូតចរចាដោះដូរ (Transactional Diplomacy) អាចនាំមកនូវការចំណេញរយៈពេលខ្លី ស្របពេលដែលការពឹងផ្អែកលើកិច្ចព្រមព្រៀងនយោបាយ និងសេដ្ឋកិច្ច អាចបំផ្លាញស្វ័យភាពយុទ្ធសាស្ត្ររយៈពេលវែងរបស់កម្ពុជា។ កម្ពុជាត្រូវតែធានាថា ការចរចាពាណិជ្ជកម្ម ឬការវិនិយោគណាមួយ ត្រូវគោរព និងរក្សាគោលការណ៍ស្នូល ពោលគឺ អធិបតេយ្យភាព គណនេយ្យភាព ផលប្រយោជន៍រួមនិងនិរន្តរភាព។

* ការឆ្លើយតបរបស់កម្ពុជា ក្នុងបរិបទការដំឡើងពន្ធបដិការរបស់សហរដ្ឋអាមេរិក

សម្រាប់កម្ពុជា ដែលជារដ្ឋតូច និងមានទំហំពាណិជ្ជកម្មតូចជាមួយនឹងសហរដ្ឋអាមេរិក កម្ពុជាក៏នឹងកំពុងបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាច្រើន គួបផ្សំទៅនឹងការកែសម្រួលការអនុគ្រោះពន្ធដល់វិនិយោគិនបរទេស ដែលមកវិនិយោគនៅកម្ពុជា។ អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងសម្រេចបានចក្ខុវិស័យកម្ពុជា ២០៣០និង២០៥០ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោត លើការបង្កើនពលកម្មជំនាញតាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការងាកចេញពីឧស្សាហកម្មដែលមានគុណតម្លៃទាបទៅឧស្សាហកម្មដែលមានគុណតម្លៃមធ្យមនិងខ្ពស់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដើម្បីបង្រួមគម្លាតរវាងជនបទនិងទីក្រុង ធុរកិច្ចបៃតង បរិវត្តកម្មឌីជីថល នវានុវត្តន៍ និងការកសាងមូលធនមនុស្សជាដើម។

ប៉ុន្តែកម្ពុជាក៏នៅជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកបន្ថែមទៀតដូចជា ការធ្វើឌីជីថលលូបនីយកម្មលើការចុះបញ្ជីធុរកិច្ច ពលករជំនាញ សិទ្ធិកាន់កាប់ដីធ្លី តម្លៃទឹកភ្លើង និងប្រព័ន្ធច្បាប់ជាដើម។ចំណុចសំខាន់មួយទៀតផងដែរ ខណៈពេលដែលប្រទេសវៀតណាម និងបណ្តាប្រទេសនៅអាស៊ានកំពុងបង្កើនការអភិវឌ្ឍប្រព័ន្ធឌីជីថល ទំនើបកម្មប្រព័ន្ធឌីជីថល និងការពង្រឹងសន្តិសុខសាយប័រ កម្ពុជាក៏ត្រូវតែបង្កើនការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមបច្ចេកវិទ្យាទំនើបៗរបស់សហរដ្ឋអាមេរិក ដូចជា Meta, Amazon, Starlink និង Google ជាដើម ដើម្បីបើកឱកាសឱ្យក្រុមហ៊ុនទាំងនោះអាចវិនិយោគនៅកម្ពុជា ក៏ដូចជាអភិវឌ្ឍន៍មូលធនមនុស្ស និងសន្តិសុខនៅកម្ពុជា។

ការតភ្ជាប់តាមប្រព័ន្ធឌីជីថល អាចជំរុញលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាជីវកម្មខ្នាតតូច ជាពិសេសនៅក្នុងខេត្តជនបទដែលមិនទាន់បានប្រើប្រាស់។ ទោះយ៉ាងណាក៏ដោយ ដើម្បីរក្សាអធិបតេយ្យភាពជាតិ និងសន្តិសុខ កម្ពុជាត្រូវតែបង្កើតក្របខណ្ឌអភិបាលកិច្ចទិន្នន័យដ៏រឹងមាំ រួមទាំងបទប្បញ្ញត្តិនៃការធ្វើមូលដ្ឋានីយកម្មទិន្នន័យច្បាប់សន្តិសុខតាមអ៊ីនធឺណិត និងគោលការណ៍ណែនាំលទ្ធកម្មឌីជីថលប្រកបដោយតម្លាភាព ជាពិសេសការអភិវឌ្ឍនិងអនុវត្ត «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ដើម្បីធានាបានការទទួលខុសត្រូវខ្ពស់ពីធុរកិច្ចឯកជន និងការពារសន្តិសុខជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា។

យុទ្ធសាស្រ្តសេដ្ឋកិច្ចដ៏មានភាពបត់បែន និងយុទ្ធសាស្រ្តការទូត «ឬស្សី» របស់វៀតណាម បានហ៊ុចផលជាច្រើនដល់សេដ្ឋកិច្ច និងការវិនិយោគរបស់សហរដ្ឋអាមេរិកនិងចិន នៅវៀតណាម ដែលនេះបានឆ្លុះបញ្ចាំងពីភាពរហ័សរហួននៃយុទ្ធសាស្ត្រការទូតរបស់វៀតណាម នៅក្នុងចន្លោះនៃការប្រកួតប្រជែងនៃមហាអំណាច និងភាពតានតឹងភូមិសាស្រ្តនយោបាយតំបន់ ធ្វើឱ្យវៀតណាមអាចសម្របខ្លួនទៅនឹងសណ្តាប់ធ្នាប់ពិភពលោក។

សម្រាប់កម្ពុជា នេះអាចបង្កទៅជាបញ្ហាប្រឈម និងឱកាសផងដែរ ដែលទាមទារឱ្យកម្ពុជាត្រូវរក្សាទំនាក់ទំនងល្អជាមួយវៀតណាម ក៏ដូចជាការចូលរួមសហការគ្នាពីបណ្តាប្រទេសអាស៊ានដទៃទៀត ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធបដិការពីសហរដ្ឋអាមេរិក។ ការបះទង្គិច និងភាពតានតឹងរវាងកម្ពុជានិងថៃនៅតាមបណ្តោយព្រំដែន បានបង្ហាញយ៉ាងច្បាស់ពីភាពផុយស្រួយនៃសន្តិសុខតំបន់ និងការប៉ះពាល់ជាខ្លាំងដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលជាចំណុចទាបបំផុតនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងតុល្យភាពត្រឹមត្រូវនៃកំណែទម្រង់សេដ្ឋកិច្ច ការទូតវ័យឆ្លាតនិងមានភាពបត់បែន ក៏ដូចជាការអត់ធ្មត់ជាយុទ្ធសាស្ត្រ កម្ពុជាអាចការពារផលប្រយោជន៍ជាតិរបស់ខ្លួន ខណៈដែលបន្តទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងវៀតណាម ដែលផ្អែកលើគោលការណ៍ស្មើភាពគ្នាឈ្នះ-ឈ្នះ និងប្រយោជន៍រួម៕