(កណ្ដាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, នៅរសៀលថ្ងៃព្រហស្បត្ដិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមទាំងអគ្គលេខាធិការរងទី១ និងទី២ និងសហការី នាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ២០៧អង្គ គង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការ និងសហការី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅ (វត្ដក្រពើហា)។

ការចាត់តំណាងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅប្រជុំនទី ហៅវត្តក្រពើហានេះ គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។ ជាងនេះទៅទៀត វត្តក្រពើហានេះ មានព្រះសង្ឃ និងសាមណសង្ឃជាច្រើនរយអង្គ សម្រាប់ឆ្នំា២០២៥នេះ មានសាមណសង្ឃ ចំនួន ៣៧៩អង្គ កំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឱ្យវត្ដអារាមមួយនេះ កាន់តែមានភាពអាត់តាខាត់។ ដូច្នេះហើយទើប សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែចាត់សហការីនាំយកនូវបច្ច័យមួយចំនួន និងទេយ្យវត្ថុប្រគេនមកប្រគេនជាទៀងទាត់ ៣ម្ដងក្នុងមួយឆ្នាំ។

សម្រាប់នាឱកាសឆ្នាំនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានចាត់តំណាងនាំយកថវិកាចំនួន ៤០លានរៀល និងទេយ្យវត្ថុរួមមាន ទៀនព្រះវស្សា១គូ, អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេសធំ,ស្ករស ២៥គីឡូក្រាម, ទឹកភេសជ្ជៈ២០កេស, ទឹកសុទ្ធអារុណា ២០កេស, មៀនកំប៉ុង២កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ២គីឡូក្រាម, ទឹកត្រី ២០យូរ, ទឹកស៊ីអ៊ីវ ២០យួរ, ត្រីងៀត ១២គីឡូក្រាម ,សាច់ក្រក ១២គីឡូវក្រាម និងផ្លែឈើស្រស់ចំនួន ១២កន្ដ្រក។ ព្រមទាំងប្រគេនបច្ច័យព្រះចៅអធិការវត្ត ចំនួន ២លានរៀល សាដកមួយ សម្រាប់ព្រះសង្ឃ៤អង្គទៀត ក្នុងមួយអង្គប្រគេនបច្ច័យចំនួន ១លានរៀល និងជូនក្រណាត់ស ១ដុំ និងថវិកាមួយចំនួន ដល់លោកតាអាចារ្យផងដែរ។

ក្នុងឱកាសនោះ ព្រះចៅអធិការវត្ដប្រពើហា ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ បានសម្ដែងនូវសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ទៅពុទ្ធិកសិក្សាទូទាំងព្រះរាជាណាចក្រកម្ពុជា ។ដោយឡែកនៅវត្ដជុំនទី ហៅវត្ដក្រពើហាសម្ដេចក៏បានយកចិត្ដទុកដាក់ខ្ពស់ដល់ព្រះសង្ឃ សាមណសិស្ស ជាពិសសជីវភាព និងសុខភាពរបស់ព្រះសង្ឃដែលស្នាក់នៅទីវត្ដអារាមនេះ គឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែជួយឧបត្ថម្ភជាបច្ច័យ និងទេយ្យវត្ថុជាទៀងទាត់មិនដែលដាច់នោះឡើយ ៣ដងក្នុងមួយឆ្នាំ ដែលនេះគឺជាជួយលើកទឹកចិត្ដ និងជ្រោគជ្រែងដល់ព្រះសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន ។ជាពិសេសសម្រាប់វត្ដក្រពើហានេះ តែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជាអាត្មាពិតជាត្រេកអរសប្បាយចិត្ដណាស់ កាយវិការមនុស្សធម៌របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិតជាបានជួយដល់ព្រះសង្ឃមែនប្រាកដ ពិសេសសម្រាប់សាមណសង្ឃដែលគង់សិក្សារៀនសូត្រនៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា។

ជាមួយគ្នានេះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក៕