(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការអគារសិក្សាថ្មីនៃសាលាចំណេះទូទៅអន្តរជាតិឌូវី និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៃសាលាអន្តរជាតិបាត់ដំបង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុនឌូវី អិនធើណេសិនណល លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតាអ្នកអាណាព្យាបាល និងក្មួយៗសិស្សានុសិស្សជាច្រើនរូប។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងចូលរួមអបអរសាទរចំពោះវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរបស់សាលាចំណេះទូទៅអន្តរជាតិឌូវី និងសាលាអន្តរជាតិបាត់ដំបង ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនឌូវី អ៊ិនធើណេសិនណល។
ក្នុងន័យនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ លើការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាលាដ៏សម្បូរបែប អមជាមួយចក្ខុវិស័យនិងបេសកកម្មច្បាស់លាស់សម្រាប់អភិវឌ្ឍកម្មវិធីសិក្សាជាតិនិងអន្តរជាតិ ការដឹកនាំសិស្សចូលរួមប្រកួតប្រជែងអន្តរជាតិ កម្មវិធីអប់រំស្ទែម កម្មវិធីអប់រំភាសាបរទេស និងការដឹកនាំសិស្សទស្សនកិច្ចសិក្សា ជាពិសេសបានលើកទឹកចិត្តឱ្យសាលារៀនគិតគូរអំពីការបង្កើតភាពជាដៃគូរវាងសាលារដ្ឋ និងឯកជន ដើម្បីសិក្សាទៅវិញទៅមកអំពីឧត្តមានុវត្តន៍ ការអភិឌ្ឍសមត្ថភាពស្ថាប័ន ការបង្កើតឱកាស និងការជួយបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក។
ខេត្តបាត់ដំបង គឺជាខេត្តមួយដែលសម្បូរទៅដោយបេតិកភណ្ឌ វប្បធម៌ដ៏ល្អផូរផង់ ដូចនេះសូមលើកទឹកចិត្តឱ្យសាលាទាំងអស់មានការយកចិត្តទុកដាក់បញ្ចូលនូវខ្លឹមសារពី បេតិកភណ្ឌជាតិទៅក្នុងកម្មវិធីសិក្សា ក៏ដូចជា លើកកម្ពស់ការរៀនភាសាខ្មែរដែលជាភាសាជាតិរបស់យើង ដើម្បីសិក្សាឱ្យស្គាល់ច្បាស់នូវអត្តសញ្ញាណជាតិរបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយនេះគឺជាកិច្ចការសំខាន់មួយដើម្បីរក្សាបាននូវឫសគល់វប្បធម៌ដ៏ថ្លៃថ្លារបស់យើង។ ក្រសួងក៏បានពង្រីកផ្នែកអប់រំកូមារតូច និងលើកទឹកចិត្តឱ្យសិស្សចូលរៀនមត្តេយ្យសិក្សាកាន់តែច្រើន ដែលជាដំណាក់កាលមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតការសិក្សារបស់កុមារ។
ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសាលាដែលបានប្រើប្រាស់កម្មវិធី Cambridge នៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដែលបង្ហាញពីការឈានទៅរកស្តង់ដាអន្តរជាតិ និងបានលើកឡើង ពីការអប់រំក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដែលទាមទារឱ្យការអប់រំមានការប្រែប្រួល និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវតែចេះប្រើប្រាស់ AI ប្រកបដោយការទទួល ខុសត្រូវខ្ពស់ និងបានលើកឡើងថា បច្ចេកវិទ្យានេះនឹងជួយឱ្យការសិក្សារៀនសូត្រកាន់តែមានភាពងាយស្រួលដោយអាចរៀនពីចម្ងាយបាន ឬអាចស្វ័យសិក្សាដោយខ្លួនឯងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោកថា ក្រសួងអប់រំនៅតែលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីជាវាមានអត្ថប្រយោជន៍ច្រើនក៏ដោយ។ ជាថ្មីម្តងទៀត តាងនាមប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរចំពោះការដាក់សម្ពោធជាផ្លូវការអគារសិក្សាថ្មីនៃសាលាចំណេះទូទៅអន្តរជាតិឌូវី និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មី នៃសាលាអន្តរជាតិបាត់ដំបងនាពេលនេះ និងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងពីលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សាលាទាំងពីរនេះនឹងបន្តរួមចំណែក យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសចូលរួមចំណែកដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និង២០៥០៕