(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានស្នើដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងបដិសណ្ឋារកិច្ច ស្តង់ដា និងគុណភាពសេវាកម្ម ឱ្យបានប្រសើរឡើង ដោយត្រូវផ្តោតសំខាន់លើកត្តាអនាម័យ បរិស្ថាន និងភាព ទាក់ទាញ។ ជាពិសេសប្រធានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងនិងការដឹកនាំឱ្យមានប្រសិទ្ធភាព និងបរិយាបន្ន។

ការស្នើយ៉ាងដូច្នេះរបស់លោក ហួត ហាក់ នៅក្នុងពិធីបើកវេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ប្រជានេសាទ និងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងជាសមាជិកគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងលោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្តជុំវិញតំបន់បឹងទន្លេសាប និងតំណាងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ប្រជាសហគមន៍មកពីខេត្តជុំវិញតំបន់បឹងទន្លេសាបចូលរួមផងដែរ។

លោក ហួត ហាក់ បន្តថា វេទិកានាថ្ងៃនេះ គឺជាការជួបជុំដ៏សំខាន់ប្រចាំឆ្នាំមួយ ដែលមានគ្រប់សមាសភាព ពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍ អង្គការ ជាតិ អង្គការអន្តរជាតិ និងប្រជាសហគមន៍ ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័នមួយ ចំណុះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រសួងទេសចរណ៍ គឺ «បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប» ដែលយើងអាចហៅកាត់ខ្លី ជាភាសាអង់គ្លេសថា បណ្តាញ «TEN» (Tonlesap Ecotourism Network)នេះ។

លោកបានបន្តថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងជីរៈចម្រុះនានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត និងទាញយកផលប្រយោជន៍ផ្ទាល់ពីទេសចរណ៍ ប្រកបដោយសមធម៌ ជាពិសេស ចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ប្រជាពលរដ្ឋ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងលេខា-ធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ជាពិសេសអង្គការសម្ព័ន្ធភាពដើម្បីអភិរក្ស ធនធានជលផល ដែលហៅកាត់ថាអង្គការ FACT និងអង្គការដៃគូអភិវឌ្ឍទាំងអស់ រួមមាន៖ សហភាពអឺរ៉ុប អង្គការអុកស្វាមកម្ពុជា មូលនិធិភាពជាដៃគូអេកូស៊ីស្កឹម (CEPF) និងរដ្ឋាភិបាល អាល្លឺម៉ង់ តាមរយ:បណ្តាញបឹងធម្មជាតិពិភពលោក (LL) និងអង្គការដៃគូអាល្លឺម៉ង់ ឈ្មោះមូលនិធិធម្មជាតិសកល (GNF) ដែលបានជំរុញការបង្កើត និងគាំទ្រកិច្ចដំណើរការរបស់បណ្តាញ TEN នេះ ឱ្យកើតមានឡើង។

លោក ហួត ហាក់ សង្ឃឹមថា បណ្តាញ TEN បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងអភិរក្សសហគមន៍ទេសចរណ៍ និងអេកូ ទេសចរណ៍តំបន់បឹងទន្លេសាប បានយ៉ាងមានប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយជាតិ អេកូទេសចរណ៍ ឆ្នាំ២០១៩-២០៣០។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្តាប់ ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធាន ជលផល ហៅកាត់ថា អង្គការFACT និងជាអនុប្រធានអចិន្ត្រៃយ៍បណ្តាញអេកូ ទេសចរណ៍បឹងទន្លេសាប ហៅកាត់ថា បណ្តាញ "TEN" ធនធានធម្មជាតិ/ជលផល ជាពិសេសធនធានត្រី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ប្រភពចំណីអាហារ ប្រភពប្រូតេអ៊ីន និងជាប្រភពមុខរបរ ទាំងពេញម៉ោង និងក្រៅម៉ោង ដល់ប្រជាពលរដ្ឋកម្ពុជា ៤៥,៥%នៃប្រជាជនសរុប។ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា សរុបមាន១០,៥% ប្រកបមុខរបរនេសាទជាចំបង និង៣៥% ប្រកបរបរនេសាទជាលក្ខណៈបន្ទាប់បន្សំ។

លោកបញ្ជាក់ថា ធនធនធម្មជាតិ/ជលផលទាំងនេះ បាននិងកំពុងត្រូវបានទទួលរងប៉ះពាល់ ដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលបានបណ្តាលឱ្យមានការរឹងស្ងួតគោក រឹងរាក់នៅកន្លែងអភិរក្ស សីតុណ្ហភាពទឹកឡើងកំដៅ និងភ្លើងឆេះព្រៃលិចទឹកជាដើម ការបំពុលបរិស្ថាន និង ការនេសាទលើសកំរិត។ ផលប៉ះពាល់ទាំងអស់នេះ បានធ្វើឱ្យមានការថយចុះនូវធនធនធម្មជាតិផលផល ជាពិសេសធនធានត្រី និងជីវភាពរស់នៅរបស់ប្រជានេសាទផងដែរ៕