(ហ្សឺណែវ)៖ នាកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មាន ឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចែករំលែកអំពីបទពិសោធរបស់កម្ពុជា ក្នុងការពង្រឹងនិងពង្រីកការតភ្ជាប់ឌីជីថល និងអក្ខរកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ (Leaders TalkX) លើប្រធានបទ “ពន្លឿនការទទួលបានព័ត៌មាន និងពុទ្ធិជាសាកលក្នុងយុគសម័យឌីជីថល” ដែលមានការចូលរួមពីរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល៦រូប លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចែករំលែកអំពីបទពិសោធកំណែទម្រង់ ក្នុងវិស័យទូរគមនាគមន៍និងការវិនិយោគ លើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា ជាពិសេសលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល ដែលជាកត្តាអាទិភាពក្នុងការបង្កើនលទ្ធភាព ទទួលបានព័ត៌មាន និងពុទ្ធិក្នុងយុគសម័យឌីជីថល។
លើសពីនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលនយោបាយ របស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថលប្រកបដោយបរិយាបន្ន ជាអាទិ៍តាមរយៈគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនមកពីគ្រប់ទិសទីចូលរួម ក្នុងបេសកកម្មបរិវត្តកម្មឌីជីថលរបស់សង្គមជាតិ។
ក្នុងកិច្ចប្រជុំកំពូលនេះ លោករដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់តំណាងជាង៥០ប្រទេស ព្រមទាំងអគ្គលេខាធិការនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីចែករំលែកអំពីវឌ្ឍនភាពសំខាន់ៗនៃបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
បន្ថែមលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល កម្ពុជាក៏បានជំហានទៅមុខលើផ្នែកបច្ចេកវិទ្យា ស្ដែងឡើងតាមរយៈជោគជ័យនៃថ្នាល verify.gov.kh ដែលជាថ្នាលប្រើបច្ចេកវិទ្យាឌីជីថលឈានមុខ មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ និងមានការទទួលស្គាល់ទាំងកម្រិតតំបន់និងអន្តរជាតិ។ លើសពីនេះ កម្ពុជាក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។
គួររំលឹកផងដែរថា ប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មានឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) និងកិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥ (AI for Good Global Summit 2025) ប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស៕