(កណ្ដាល)៖ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថា ប្រធានបទស្តីពី «បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀន» ជូនដល់និស្សិត និងសិក្ខាកាមវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំកម្រិត១ ជំនាន់ទី២សរុប១៤៥នាក់ ដើម្បីចែករំលែក បទពិសោធន៍ជាក់ស្តែង នៃការដឹកនាំកងកម្លាំងអនុវត្តវិធានការបង្ការ បង្ក្រាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា ការអនុវត្តតួនាទីភារកិច្ចរបស់នគរបាលយុត្តិធម៌អនុវត្តឲ្យស្របតាមច្បាប់ មិនមែនចេះធ្វើអ្វីតាមទំនើងចិត្តនោះទេ។ ចំពោះការអនុវត្តបង្ការ ទប់ស្កាត់ និងបង្រ្កាប សកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀនខុសច្បាប់នេះ គឺជាការចូលរួមអនុវត្តពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តទៀតថា ចំពោះការអនុវត្តវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាព ក្មេងទំនើង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពនោះ គឺបានដាក់ចេញនូវយន្តការសំខាន់ៗ រួមមាន៖ វិធានការដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងជំនាញសរុប។

ជាមួយគ្នានោះ ក៏បានដាក់ចេញនូវផែនការច្បាស់លាស់ ការផ្សព្វផ្សាយអប់រំតាមរយៈវេទិកាសាធារណៈ វិធានការជំនាញ និងច្បាប់ បង្កើតក្រុមការងារតាមដានត្រួតពិនិត្យ ស្រាវជ្រាវស្វែងរកបង្រ្កាបក្មេងទំនើង ក្រោយកើតមានសកម្មភាពរបស់ក្រុមក្មេងទំនើង ការចាត់តាំងដឹកនាំបញ្ជាកម្លាំងចុះអនុវត្តម៉ឺងម៉ាត់ ការតាមដានត្រួតពិនិត្យសកម្មភាពអនុវត្ត កម្លាំងត្រូវមានឆន្ទៈ និងការស្មោះត្រង់ជាមួយជំនាញវិជ្ជាជីវៈ។

លោកបន្ថែមទៀតថា ក្មេងទំនើងបែងចែកជា៣ប្រភេទ ក្មេងទំនើងបង្កើតជាក្រុម ប៉ុន្តែមិនទាន់ធ្វើសកម្មភាព ក្មេងទំនើងបង្កើតក្រុមហើយបានធ្វើសកម្មភាព និងក្មេងទំនើងបានធ្វើសកម្មភាពហើយ ប៉ុន្តែបង្រ្កាបមិនទាន់បាន។ បង្កើនចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាសេសសល់ រត់គេចទៅតាមបណ្តាខេត្ត ដាក់ចេញគោលការណ៍ចុះធ្វើបច្ចុប្បន្នភាព មុខសញ្ញាក្មេងទំនើង ចុះធ្វើរដ្ឋបាលនៅកន្លែងទីតាំងដែលមានការប្រមូលផ្តុំក្មេងទំនើង និងក្តាប់សភាពការណ៍តាមភូមិសាស្រ្ត ទាមទារគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់ព័ត៌មានអំពីក្មេងទំនើង។

ដោយឡែក ចំពោះការអនុវត្តបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ដោយកិច្ចការងារនេះវាមានភាពស្មុគស្មាញ សម្រាប់កងកម្លាំងសមត្ថកិច្ច ក្នុងការស្រាវជ្រាវបង្រ្កាប ចំពោះឧក្រិដ្ឋជនគ្រឿងញៀនមានជំនាញច្បាស់លាស់ បានប្រើប្រាស់រូបភាពច្រើនយ៉ាងក្នុងការជួញដូរ លក់ចែកចាយគ្រឿងញៀន ខុសច្បាប់រួមមានៈសកម្មភាពដឹកជញ្ជូន មានផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស និងតាមរយៈក្រុមហ៊ុន សកម្មភាពកែច្នៃ ឧក្រិដ្ឋជនមានជំនាញអាចប្រើប្រាស់រូបមន្តសារធាតុគីមីផ្សំមួយចំនួន កែច្នៃជាគ្រឿងញៀនសំយោគ និងសកម្មភាព លក់ចែកចាយគ្រឿងញៀន ដោយប្រើប្រាស់មុខសញ្ញាគ្រប់ប្រភេទ រួមទាំងកុមារមិនទាន់គ្រប់អាយុទៀតផង។

ជាមួយគ្នានោះ ដើម្បីឆ្លើយតបដោះស្រាយបញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ត្រូវបង្កើនស្មារតីជំនាញវិជ្ញាជីវៈឲ្យបានច្បាស់លាស់ បង្កើនពង្រឹងប្រមូលធនធានមនុស្ស និងការដឹកនាំប្រតិបត្តិការឲ្យយល់អំពីផ្លូវច្បាប់៕