(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជំងឺទឹកនោមផ្អែមប្រភេទ២ ជាបញ្ហាសុខភាពសកល ដែលកំពុងមានការកើនឡើងជាបន្តបន្ទាប់ ហើយក៏ជាបញ្ហានៅកម្ពុជាផងដែរ។
ការលើកឡើងបែបនេះរបស់ លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីជំងឺមិនឆ្លងនៅកម្ពុជា៖ «ចំណេះដឹងបឋមស្តីពី ការការពារ និងថែទាំជំងឺទឹកនោមផ្អែមប្រភេទ២» ដើម្បីបម្រើជាធាតុចូលសម្រាប់ពង្រឹងគោលនយោបាយសុខាភិបាល និងលើកកម្ពស់សុខមាលភាពដល់ប្រជាជន។ សិក្ខាសាលានេះ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម លោកសាស្ត្រាចារ្យជំនួយ អែម សាវឿន នាយផ្នែកប្រពោធនកម្មសល្យសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវកិត្តិយស និងសិស្សនិស្សិតជាច្រើននាក់។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «ជំងឺទឹកនោមផ្អែមប្រភេទ២ ជាបញ្ហាសុខភាពសកលដែល កំពុងមានការកើនឡើងជាបន្តបន្ទាប់ ហើយក៏ជាបញ្ហានៅកម្ពុជាយើងផងដែរ។ ជំងឺទឹកនោមផ្អែមនេះ អាចបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ សង្គមសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងប្រព័ន្ធសុខាភិបាលទាំងមូល»។
លោកបណ្ឌិតបានបន្ដថា ការយល់ដឹងអំពីកត្តាហានិភ័យ ពីរបបអាហារ បញ្ហាលើសទម្ងន់ ការធ្វើលំហាត់ប្រាណ ការពិនិត្យសារធាតុស្ករក្នុងឈាម ការអវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ជាធាតុសំខាន់ដែលអាចជួយឱ្យមនុស្សគ្រប់រូបទទួលបាននូវជីវិតមានគុណភាព។ ចំណេះដឹងបឋមនេះ គឺជាគន្លងដ៏សំខាន់នាំឱ្យយើងអាចទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយ ភាពធ្ងន់ធ្ងររបស់ជំងឺនេះបាន។
លោកបណ្ឌិតបានបន្ដថា ការអប់រំ និងការចែករំលែកចំណេះដឹងជាសាធារណៈគឺ ជាឧបករណ៍ដ៏មានអាទិភាពក្នុងការកសាងសង្គមឱ្យមានសុខភាពល្អ។ យើងទាំងអស់គ្នាមានតួនាទីសំខាន់ ក្នុងការផ្លាស់ប្តូរអនាគតសុខភាពតាមរយៈចំណេះដឹង និងអាកប្បកិរិយាដ៏សមស្របទាំងនេះ។
សូមជម្រាបថា វិធានការបង្ការជំងឺទឹកនោមផ្អែម ប្រភេទ២នេះ មានដូចជា៖
១៖ ការប្រកាន់របបអាហារត្រឹមត្រូវ ដូចជាការបរិភោគអាហារដែលមានជាតិ សរសៃខ្ពស់ បន្លែ និងផ្លែឈើ និងការជៀសវាងអាហារដែលមានស្ករឬខ្លាញ់ខ្ពស់។
២៖ ការរក្សាសកម្មភាពរាងកាយឱ្យបានទៀងទាត់ ដូចជាការហាត់ប្រាណយ៉ាងហោចណាស់ ១៥០នាទី ក្នុងមួយសប្តាហ៍ (ឬ ៣០នាទីក្នុងមួយថ្ងៃ)។
៣៖ ការហាត់ប្រាណអាចជួយបង្កើនសម្ពាធអាំងស៊ុយលីន និងកាត់បន្ថយហានិភ័យនៃជំងឺនេះ។
៤៖ ការត្រួតពិនិត្យសុខភាពជាប្រចាំ ជាពិសេសសម្រាប់អ្នកដែលមានហានិភ័យ អាចជួយរកឃើញជំងឺនេះនៅដំណាក់កាលដំបូង ដែលធ្វើឱ្យការព្យាបាលកាន់ តែមានប្រសិទ្ធភាព៕