(កណ្តាល)៖ ក្រោយបញ្ជាលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ឲ្យរៀបចំសណ្ដាប់ធ្នាប់នៅផ្សារតាខ្មៅ, លោក ណុប ដារ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះអនុវត្តន៍ការរៀបចំសណ្ដាប់ធ្នាប់នេះដោយផ្ទាល់ ក្រោយជូនដំណឹងមួយរយៈកាលកន្លងទៅ ប៉ុន្តែពុំមាននរណាអនុវត្តន៍តាមឡើយ។
ក្រុមការងារបានជួយរុះរើស្លាកសញ្ញា និងរោងរំលោភផ្លូវជាដើម ដែលម្ចាស់គ្មានលទ្ធភាពធ្វើដោយខ្លួនឯង និងការលម្អចំណុចគ្មានសណ្ដាប់ធ្នាប់មួយចំនួន ដើម្បីសោភ័ណភាពផ្សារឲ្យមានរបៀបរៀបរយល្អ។
ថ្លែងក្នុងឱកាសចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយនៅផ្លូវលេខ២០៥ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោក ណុប ដារ៉ា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលប្រកបរបររកស៊ីនៅតាមផ្លូវលេខ២០៥ ដែលបានចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរខេត្ត ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយយ៉ាងល្អប្រសើរ។
លោកបានគូសបញ្ជាក់បន្ថែមថា ការចូលរួមរបស់អាវជីវករ និងប្រជាពលរដ្ឋនៅពេលនេះ សូមបញ្ជាក់ឲ្យឃើញការចូលរួមសហការជាមួយនឹងអាជ្ញាធរ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សោភ័ណភាពរបៀបរៀបរយ ក៏ដូចជាគំរូល្អសម្រាប់ ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ក្នុងការរៀបចំផ្លូវឱ្យមានសោភ័ណភាពល្អ របៀបរៀបរយល្អ ជៀសវាងការរំលោភលើចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព របៀបរៀបរយ និងដែលបណ្ដាឲ្យមានការស្ទះចរាចរណ៍ផងដែរ។
ក្នុងឱកាសចុះពិនិត្យនេះដែរ អភិបាលរងខេត្តកណ្តាល បានអំពាវនាវ ប្រជាពលរដ្ឋទាំងអស់សូមកុំរំលោភ លើចំណីផ្លូវ ចិញ្ចើមផ្លូវ សូមរក្សាចំណីផ្លូវ ចិញ្ចឹមផ្លូវ ទុកឱ្យមានរបៀបរៀបរយឲ្យបានល្អ ទុកជាគំរូដ៏ល្អដល់ប្រជាពលរដ្ឋ ដទៃទៀត ទន្ទឹងនឹងនោះសូមបងប្អូនចូលរួមសំអាតនៅតាមមាត់លូកុំបោះចោលសំរាមឬបិទកុំកម្របលូពេលភ្លៀងធ្លាក់នាំឲ្យមានការកក់ស្ទះលូ បណ្ដាឲ្យទឹកស្ទះផ្លូវមុខផ្ទះបងប្អូនប្រជាពលរដ្ឋ។
អាជីវករសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគាត់មិនទោមនស្សឡើយ តែសូមអាជ្ញាធររៀបចំឲ្យស្មើរភាពគ្នា ពោលគឺធ្វើឲ្យស្អាតទាំងអស់គ្នា ព្រោះជុំវិញផ្សារតាខ្មៅនេះ សុទ្ធតែមានការរំលោភចំណីផ្លូវយ៉ាងធ្ងន់ធ្ងរ ហើយប្រធានផ្សារជាអ្នកប្រមូលផល យកលុយចែកគ្នាដុះស្លែជាយូរមកហើយ៕