(ភ្នំពេញ)៖ កងទ័ពមួកខៀវរបស់កម្ពុជា ចំនួន២៤៤រូប បានបញ្ចប់បេសកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល រយៈពេល១ឆ្នាំ ដោយជោគជ័យ និងបានធ្វើដំណើរមកដល់មាតុប្រទេសវិញដោយសុខសុវត្ថិភាព។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Joseph Scheuer សម្តែងការដឹងគុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់កងអនុសេនាធំវិស្វកម្មលេខ៤៨៦ ទាំង២៤៤នាក់ ក្នុងការចូលរួមជាកងទ័ពមួកខៀវ ដែលជាការចាប់ផ្តើមលើដំណើរដ៏លំបាក ប៉ុន្តែមានសារៈសំខាន់ និងក្លាយជារង្វាន់មួយ ដើម្បីជួយដល់សុខុមាលភាពប្រជាជននៃ សាធារណរដ្ឋអាហ្វ្រិកកណ្តាល។
អ្នកសម្របសម្រួលអង្គការប្រជាជាតិចាត់ទុកសកម្មភាពរបស់កម្ពុជា ក្នុងការបន្តបញ្ជូនកងទ័ពមួកខៀវ ទៅថែរក្សាសន្តិភាព ជាពេលនេះ ថាជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្តិភាព សេចក្តីថ្លៃថ្នូរ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
ក្នុងនាមអង្គការសហប្រជាជាតិ, លោក Joseph Scheuer ក៏អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញរបៀបវារៈសន្តិភាព និងសន្តិសុខ អន្តរជាតិ តាមរយៈការចូលរួមយ៉ាងសកម្ម បេសកកម្មរក្សាសន្តិភាព និងសន្តិសុខ និងការរួមចំណែកយ៉ាងសំខាន់ក្នុង របស់អង្គការសហប្រជាជាតិ។
ឧត្ដមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អះអាងថា ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែល កម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើងបាន នឹងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈប្រពៃណីផង “Traditional Security” និងមិនប្រពៃណីផង "Non- Traditional Security” ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ ការ ប្រយុទ្ធប៉ះទង្គិចគ្នារវាង ក្រុមប្រដាប់អាវុធនានា ការវាយប្រហារ ពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាល កម្ពុជា នៅតែបន្តបរិច្ចាគកម្លាំងចូល រួមបេសកកម្មរក្សាសន្តិភាពអង្គការ សហប្រជាជាតិ ដើម្បីរួមវិភាគទានដល់កិច្ច ប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើសកលលោក។
ក្នុងបុព្វហេតុរក្សាសន្តិភាពនៅលើសកលលោក ប្រទេសកម្ពុជា ឈលំដាក់លេខរៀងទី២៨ ក្នុងចំណោម១១៩ប្រទេស ដែលបរិច្ចាគកងកម្លាំងទៅចូលរួមបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ចំណែកនៅក្នុងតំបន់អាស៊ាន កម្ពុជាឈរលេខរៀងទី៣ ក្នុងចំណោមប្រទេសដែលបរិច្ចាគកងកម្លាំងច្រើនជាងគេ។ បើនិយាយពីការបរិច្ចាគកងទ័ពមួកខៀវដែលជានារី កម្ពុជាឈលេខរៀងទី១៤ ក្នុងចំណោមប្រទេសទាំង១១៩ ដែលបរិច្ចាគកងទ័ពមួកខៀវ និងឈរលេខ២ នៅក្នុងតំបន់អាស៊ាន។ នេះបើតាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចាត់ទុកការបង្កើនការចូលរួមរបស់ស្ត្រីកម្ពុជា ថាជាការនាំឱ្យប្រតិបត្តិការរក្សា សន្តិភាពកាន់តែមានប្រសិទ្ធភាព និងជំរុញឱ្យមានសន្តិភាពប្រកបដោយនិរន្តរភាព។ លោកក៏អរគុណជាថ្មីម្តងទៀតចំពោះកងរក្សាសន្តិភាពស្ត្រីទាំងអស់សម្រាប់ការលះ បង់របស់អ្នកចំពោះសន្តិភាពអន្តរជាតិ និងសម្រាប់ការធ្វើជាគំរូដ៏ថ្លៃថ្លា។
គួរឱ្យដឹងថាបើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងថារយៈពេល១៩ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់បច្ចុប្បន្នកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវចំនួន១០,១៩១នាក់ ក្នុងនោះនាទីចំនួន៩៤៦នាក់ចេញទៅទៅកាន់ប្រទេសចំនួន១០ ក្នុងតំបន់បេសកកម្មចំនួន១២ ដូចជា៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍៕