(ព្រៃវែង)៖ ព្រះពិសិដ្ឋ ចៅ សែនរដ្ឋា ព្រះគ្រូចៅអធិការវត្តឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានបំភ្លឺជូនពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីព្រះអង្គរងការចោទប្រកាន់ពីសំណាក់ គណៈកម្មការអាចារ្យវត្តខាងលើថា ព្រះអង្គបានលួចថវិកាវត្តចំនួន៦ម៉ឺនដុល្លារ។
គណៈកម្មការវត្ត បានចោទព្រះអង្គថា បានលួចលុយយកទៅកសាងព្រះវិហារវត្តកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងចោទទៀតថា យកលុយរាប់ម៉ុនដុល្លារទៀតទៅកសាងផ្ទះជូនឪពុកម្ដាយបងប្អូនព្រះអង្គថែមទៀត។ មិនតែប៉ុណ្ណោះក្រុមចោទប្រកាន់ព្រះអង្គ បាននាំគ្នាដើរផ្ដិតមេដៃពុទ្ធបរិស័ទមួយចំនួនតូច ក្នុងការបណ្ដេញព្រះអង្គព្រះអង្គចេញពីវត្ត។
ស្រាយបំភ្លឺរាល់ការចោទប្រកាន់ទាំងបំពាននោះ ព្រះគ្រូចៅអធិការវត្តឃ្លាំងនេះ បានសម្ដែងការសោកស្ដាយចំពោះគណៈកម្មាការអាចារ្យវត្ត ដែលបានធ្វើដាក់ព្រះអង្គបែបនេះ ហើយព្រះអង្គក៏បានបដិសេធន៍យ៉ាងដាច់អហង្ការថា ព្រះអង្គមិនបានប្រព្រឹត្តអំពើចោរកម្មដូចជាការចោទប្រកាន់នោះឡើយ។ ទាំងនោះនេះគឺជាការភាន់ច្រឡំមកលើព្រះអង្គតែប៉ុណ្ណោះ។
ព្រះពិសិដ្ឋ ចៅសែនរដ្ឋា បានមានសង្ឃដិកាបន្តទៀតថា ព្រះអង្គគឺជាអ្នកបួស ជាបព្វជិត១អង្គមិនមានចិត្តឯណាលោភលន់កេងប្រវ័ញ្ជទ្រព្យសម្បត្តិវត្តយកទៅណាក្រៅតែពីការកសាងសមិទ្ធិផលក្នុងទីអារាមវត្តឃ្លាំងនេះឡើយ។ ថវិកាដែលថា បាត់នោះមិនមែនចំនួន៦ម៉ឺនដុល្លារនោះទេ គឺជិត១០ម៉ឺនដុល្លារឯណោះ បើគិតជាប្រាក់រៀលជាង ៤០០លានរៀល ហើយសួរថា តើថវិការនេះបាត់ទៅណានោះ ចម្លើយគឺបាត់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវត្តតែទាំងអស់ គ្មានបាត់ទៅណាទេ ។
ព្រះគ្រូចៅអធិការ បានបញ្ជាក់ថា ក្នុងនោះមានដំបូលសាលាឆាន់ដែលធ្លុះធ្លាយ ការចាក់ដីបំពេញទីធ្លាវត្ត ដាក់បង្គោលភ្លើងសូឡា ដាក់បង្គោលភ្លើងបំភ្លឺផ្លូវនិងទីធ្លាវត្ត កសាងសួនច្បារជាដើម និងនៅមានសមិទ្ធិផលជាច្រើនទៀត ផងដែរ ដែលព្រះអង្គបានកសាងឡើង។ មិនតែប៉ុណ្ណោះព្រះអង្គក៏បានទំនុកបម្រុងដល់គ្រូបង្រៀនទាំងពុទ្ធចក្រ និងអាណាចក្រ ហើយព្រះអង្គក៏បានបង្កើតសាលាពុទ្ធកសិក្សាឡើងវិញ ដែលបច្ចុប្បន្នមានសាមណៈសិស្ស១០អង្គ កំពុងគង់នៅសិក្សាក្នុងវត្តនោះផងដែរ ។
ព្រះអង្គ ចៅ សែនរដ្ឋា បានមានសង្ឃដិកាទៀតថា មុននឹងមកធ្វើជាចៅអធិការវត្តឃ្លាំងនេះ ព្រះអង្គធ្លាប់ជាព្រះវិន័យធរសាលាអនុគណក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងធ្លាប់គង់នៅរៀនសូត្រនៅទីនោះមែន ហើយរហូតមកដល់សព្វថ្ងៃនេះក៏មិនទាន់កាត់ផ្ដាច់ពីទីនោះនៅឡើយទេ។ ដោយនៅពេលមានកម្មវិធីបុណ្យសាសនាធំៗនៅវត្តកោះរ៉ុងនោះ ព្រះអង្គត្រូវទៅមុនថ្ងៃបុណ្យដើម្បីជួយរៀបចំកម្មវិធីជួនកាល១០ថ្ងៃ ឬកន្លះខែឯណោះ ប៉ុន្តែថ្វីដ្បិតតែបែបនេះមែន ព្រះអង្គមិនបានលួចលុយយកទៅកសាងវត្តកោះរ៉ុង ដូចជាការចោទប្រកាន់ខាងលើនោះឡើយ ដូច្នេះសូមពុទ្ធបរិស័ទជ្រាប។
ព្រះអង្គក៏បានបកស្រាយរឿងដែលគណៈកម្មករ អាចារ្យវត្តចោទប្រកាន់ថា ព្រះអង្គរុះរើសាលាឆាន់ធ្វើឲ្យមានការយល់ច្រឡំនោះថា តាមពិតសាលាឆាន់នោះពុំមែនទើបតែរុះរើថ្មីនេះប៉ុណ្ណោះទេ គឺរុះរើតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ដោយឡែកឈើសាលាឆាន់នោះទៀតសោត ក៏ត្រូវបានកាត់ជាកំណាត់ៗស្រាប់ទៅហើយ ហើយព្រះអង្គបានខិតខំប្រមូលបានកម្ទេចកម្ទីមួយចំនួនយកទៅសង់រោងបាន១ខ្នង និងមួយចំនួនទៀតសង់ខ្យូស (កញ្ចុះ) បាន២ និងឈើដែលនៅសល់ប្រមូលទុកនៅក្រោមសាលាឆាន់បច្ចុប្បន្នអត់យកទៅណាទេ។
ចំពោះការចោទប្រកាន់ថា ព្រះអង្គ លួចលុយរាប់ម៉ឺនដុល្លារយកទៅសាងសង់ផ្ទះឲ្យម្ដាយនោះ ត្រូវបានព្រះអង្គតបថា មានតែផ្ទះតូច១ និងបន្ទប់ទឹក១ ព្រមទាំងរបងឬស្សីពុកផុយប៉ុណ្ណោះ។ ប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើននាក់ ក៏បានចេញមកការពារព្រះអង្គ និងថាមិនបានធ្វើដូចការចោទប្រកាន់នោះឡើយ។ យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីគណៈកម្មការវត្ត ដែលចោទព្រះអង្គបាននោះឡើយ៕