(ភ្នំពេញ)៖ បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ និងកំណត់កិច្ចការ៥ត្រូវធ្វើរួមមាន ការកែច្នៃអាហារ ការផលិតពូជដំណាំនិងផ្កា ការផលិតជី ការបង្កើតប្រព័ន្ធគ្រប់គ្រងឌីជីថល និងការរួមគ្នាបង្កើតផ្សារសម្រាប់ផលិតផលខ្មែរ។
កិច្ចប្រជុំមានការចូលរួមពីសាកលវិទ្យាល័យរដ្ឋ ២០ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដែលមានអ្នកចូលរួម ១២០នាក់ ដើម្បីពិភាក្សាពី ១). លទ្ធភាពសហការរវាងសាកលវិទ្យាល័យ និងវិស័យឯកជនដើម្បីស្រាវជ្រាវផលិតទំនិញ ២). ការពិនិត្យគុណភាព និងគាំទ្រ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ៣). ឱកាសបង្កើតផ្សារ និងការគាំទ្រផលិតផលខ្មែរ។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យនីមួយៗ បានធ្វើការស្រាវជ្រាវជាច្រើន រហូតដល់មានផលិតផលមួយចំនួន បានដាក់លក់នៅតាមទីផ្សារ។ ក្នុងបរិបទនៃជម្លោះព្រំដែន កម្ពុជាមិនគ្រាន់តែមានឱកាសជំរុញការផលិតទំនិញបន្ថែមប៉ុណ្ណោះទេ ថែមទាំងជំរុញការគាំទ្រផលិតផលខ្មែរផងដែរ។
ក្រោយពីបូកសរុប និងកំណត់កិច្ចការ៥ខាងលើ បណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្ត សាកលវិទ្យាល័យ ឱ្យសហការជាមួយវិស័យឯកជន ក្នុងការស្រាវជ្រាវបង្កើនផលិតផល និងសេវាកម្មប្រកបដោយគុណភាព ដើម្បីជំនួសទំនិញនាំចូលមួយចំនួន៕