(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទាន វគ្គទី៥ ( EPIC 5) ដែលរៀបចំដោយ សាជីវកម្មធានាឥណទានកម្ពុជា នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
គោលបំណងនៃកម្មវិធី EPIC គឺដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការប្រើប្រាស់កម្ចីដែលមានការធានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដល់សហគ្រាស ធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។
កម្មវិធី EPIC 5 ត្រូវបានរៀបចំឡើងក្រោមប្រធានបទបណ្តុះបណ្តាលគោល អំពីការរៀបចំផែនការ អាជីវកម្ម សម្រាប់កម្ចីអាជីវកម្មធុនតូច និងមធ្យម និងកិច្ចពិភាក្សាស្តីអំពី លទ្ធភាពទទួលបានការគាំទ្រ និង ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលគ្រោងនឹងមានការចូលរួមចែករំលែកពីវាគ្មិនកិត្តិយស ដែលជាតំណាងមកពី CGCC, ធនាគារដៃគូរបស់ CGCC, FASMEC, និងម្ចាស់អាជីវកម្មដែលទទួលបានកម្ចីមាន ការធានាពី CGCC ។