(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលតាមការវាយតម្លៃរួមក្នុងរយៈពេល៧ខែមកនេះ សម្រេចបានលទ្ធផល៥៣ភាគរយ នៃផែនការ។
ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឲ្យបានត្រឹមត្រូវ ធានាឲ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥នេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
*១៖ ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន៨កងឯកភាព ដោយប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន២៨៦គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន៥កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន២០០គ្រឿង និងខេត្តរតនគិរី មាន៣កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន៨៦គ្រឿង។
*២៖ ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញា នៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបានសម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៤,៤១៥,០០០ម៉ែត្រការ៉េ ស្មើនឹង ៧០.៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ៦,២៥០,០០០ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន៧៩គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន៣៥គ្រាប់។
*៣៖ ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរួមមាន៖ លូប្រអប់ សរុបចំនួន២៣កន្លែង ស្មើនឹង២៣៦.៧០ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប១៧៨កន្លែង និងស្ថាបនាសម្រេចជាស្ថាពរនូវថ្នល់បេតុងបង្ហូរទឹក សរុបចំនួន១០កន្លែង ស្មើនឹង២២១.៨០ម៉ែត្រ។
*៤៖ វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ៧ខែកន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ម៉ែត្រ បានប្រវែង១៧៦.៥០គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវ ទទឹង២០ម៉ែត្រ បានប្រវែង១៥១.២០គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង១២៧.៨០គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវ បានប្រវែង១២៤.៨០គីឡូម៉ែត្រ និងក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរ ប្រវែង៨៥.៩០គីឡូម៉ែត្រ។ ជាលទ្ធផលរួម នៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ៥៣.៣០% នៃផែនការរួម ក្នុងនោះខេត្តមណ្ឌលគិរី សម្រេចបានប្រវែង៦១គីឡូម៉ែត្រ ស្មើនឹង៥៦.៦៤% និងរខត្តរតនគិរី បានប្រវែង២៤.៩០គីឡូម៉ែត្រ ស្មើនឹង៤៨.៤៨%។
*៥៖ ចំពោះមុខនេះ ជំរុញល្បឿនកសាងផ្លូវក្នុងរដូវវស្សា ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តដោយធានាឲ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និងភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យ ដោយពេលភ្លៀងធ្លាក់ខ្លាំង គឺសម្រាក និងពេលរាំងភ្លៀងបន្តអនុវត្តភារកិច្ចកសាងសំណង់។
*៦៖ ក្រុមការងារចំពោះកិច្ច ក.គ.ម. ប្ដេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែន តាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗ នៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះជាបន្តបន្ទាប់៕