(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ញ៉ែម សាខន សខេង ភរិយាសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រផ្ទាល់ ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានបច្ច័យដល់ព្រះសង្ឃចំនួន១៦វត្ត ក្នុងនោះមានវត្តគណៈធម្មយុត្តិតកនិកាយ ៣វត្ត និងគណៈមហានិកាយ ១៣វត្ត ក្នុខេត្តបាត់ដំបង។
វត្តនីមួយៗ ទទួលបានទៀនវស្សា១គូ, លាង១, អង្ករ២ការ៉ុង, ស្ករស១ការ៉ុង, មី១កេសធំ, ត្រីខ១កេសធំ, ទឹកដោះគោ១កេសធំ, ទឹកបរិសុទ្ធ៣កេស, ទឹកក្រូច២កេស, ទឹកផ្លែឈើ១កេស, ផ្លែឈើ១កន្ត្រក និងបច្ច័យមួយចំនួន។
ពិធីនេះប្រារព្ធឡើងនៅភូមិគ្រឹះសម្តេចក្រឡាហោម ស ខេង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី ម៉េត រ៉ាវីចិត្រ សុខលូ និងថ្នាក់ដឹកនាំ មន្ដ្រីរាជការមកពីមន្ទីរ អង្គភាពនានា ជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។
ពិធីប្រគេនទៀនចំណាំព្រះវស្សានេះ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម មហាឧបាសក ស ប៊ិត មហាឧបាសិកា ម៉ក់ សែម មហាឧបាសក ញ៉េប អឹម មហាឧបាសិកា ញ៉ែម អ៊ុន មហាឧបាសក ស ទិត្យ លោក ស ថេង និងឧបាសិកា ស ស៊ន ព្រមទាំងញាតិកាទាំងប្រាំពីរសន្តាន ទាំងសងខាងដែលបានចែកឋានទៅហើយនោះ។
ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែបឋមអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិក។ ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថាព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ នាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាស តកូន តចៅ រហូតមកដល់បច្ចុប្បន្ននេះ៕