(ភ្នំពេញ)៖ អនុព័ន្ធយោធាស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា លោក Ivan Stadchenko បានថ្លែងថា គណៈប្រតិទទួលបន្ទុកផ្លូវអាកាសរបស់រុស្ស៉ី នឹងមកទស្សនកិច្ចនៅកម្ពុជា ជាលើកដំបូង។ កាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយ ប៉ុន្តែលោកអនុព័ន្ធយោធា បង្ហើបថា អាចនៅចុងឆ្នាំ២០២៥នេះ។

លោកបានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានរបស់ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ស្តីពីបញ្ហាសំខាន់ៗនៃគោលនយោបាយការបរទេសរបស់រុស្ស៉ី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅស្ថានទូត។

អនុព័ន្ធយោធាស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «យើងអត់ទាន់ដឹងច្បាស់លាស់នូវកាលបរិច្ឆេទដំណើរទស្សនកិច្ចនេះទេ ប្រហែលជាយើងរៀបចំនៅខែកញ្ញា ឬតុលាហ្នឹង ប៉ុន្តែនេះជាដំណើរទស្សនកិច្ចលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ដូច្នេះនេះជាកិច្ចចាប់ផ្តើមដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ […]»

បើតាមអនុព័ន្ធយោធាស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា យើងកំពុងបន្តអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងវិស័យយោធា និងបច្ចេកទេស រវាងរុស្ស៉ីនិងកម្ពុជា យោងតាមផែនការរួម ឆ្នាំ២០២៥។ យើងគ្រោងរៀបចំព្រឹត្តិការណ៍ ចំនួនជាង២៥ នៅលើទឹកដីរុស្ស៉ី​និងកម្ពុជា។ យើងមានទស្សនវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ក៏ដូចជាកិច្ចសហប្រតិបត្តិនៃកងទ័ពជើងគោកនៃប្រទេសទាំងពីរផងដែរ។

បើតាម លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ត្រូវបានកត់សម្គាល់ដោយការសំចតរបស់នាវារុស្ស៊ីនៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥៕