(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះអាជ្ញាធរាជធានីភ្នំពេញ ដែលបានប្រមូល និងដឹកជញ្ជូនសំរាមបានល្អ ការងារស្តារប្រឡាយ លូ ស្តារព្រែក រំដោះទឹកបានលឿនបានកាត់បន្ថយនូវការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យឱ្យបានល្អិតល្អន់ ចំពោះដើមឈើគ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចៀសវាងឱ្យបាននូវគ្រោះថ្នាក់ ដែលបង្កឡើងដោយការបាក់ រលំដើមឈើទាំងនេះ និងការស្នើឱ្យមានការសម្រួល នៃការផ្តល់សេវា ប.ស.ស នៅតាមមន្ទីរពេទ្យ ឱ្យបានលឿន ដោយសារប្រជាពលរដ្ឋសម្រុកទៅទទួលសាវាច្រើនសន្ធឹកសន្ធាប់។
ការលើកឡើងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការប្រកាសតែងតាំងមន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញចំនួន ៤រូបផងដែរ។ លោក សួស ឆមុន្នី ត្រូវបានតែងតាំងជានាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជជធានី និងមន្ត្រី២រូបទៀត។ ដោយឡែកលោក លន់ សុភាព ក៏ត្រូវបានតែងតាំងជាប្រធានការិយាល័យប្រជាពលរដ្ឋដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
លោក ម៉ប់ សារិន បានលើកឡើងថា ការប្រកាសតែងតាំងលោក លន់ សុភាព ជាប្រធានការិយាល័យប្រជាពលរដ្ឋ កើតចេញពីការបោះឆ្នោតក្នុងក្រុមប្រឹក្សាកន្លងមក ហើយត្រូវបានប្រកាសនៅពេលនេះ។ ការងារនៅការិយាល័យ ប្រជាពលរដ្ឋលោក លន់ សុភាព មិនប្រាកដថា ចេះការងារទាំងអស់នោះទេ ដែលទាមទារឱ្យមានការណែនាំពីរបៀបរបបធ្វើការងារជូនគាត់ផង។
លោក កើត ឆែ បានលើកឡើងផងដែរថា ការប្រើប័ណ្ណ ប.ស.ស រដ្ឋាភិបាលបានសម្រួលរហូត មានសេវានេះនៅតាមមន្ទីរពេទ្យឯកជនថែមទៀត។ ការសម្រុកទៅពិនិត្យ ព្យាបាលជំងឺ ពីការប្រើប័ណ្ណ ប.ស.ស នៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួន មានចំនួនច្រើនលើសលប់នោះ គឺដោយសារប្រជាពលរដ្ឋមានជំនឿលើមន្ទីរពេទ្យ។
លោក កើត ឆែ បានបន្តទៀតថា ដើមឈើគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ តែងតែបាក់រលំទៅតាមធម្មជាតិរបស់វា ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ចំពោះការងារនេះ ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបានណែនាំឱ្យមន្ទីរសាធារការ និងដឹកជញ្ជូនរដ្ឋបាលរាជធានីភ្នំពេញ កាត់ លះមែកឈើ និងពិនិត្យមើលដើមឈើជាប្រចាំផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការគ្រោះថ្នាក់ ដែលផ្តើមចេញពី បាក់រលំដើមឈើនេះ តែងតែកើតមានដែលទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នទាំងអស់គ្នា នៅពេលធ្វើដំណើរតាមដងផ្លូវ ពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗ៕