(កណ្តាល)៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារ នៃវិនិច្ឆ័យជូនប្រជាពលរដ្ឋចំនួន ៦ភូមិ គឺភូមិលើ ភូមិស្វាយជ្រុំ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ភូមិព្រែកតាកូវ ភូមិព្រែកល្វា និងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រស្មើនឹង ៩,៨៦២ក្បាលដី។

អភិបាលរងខេត្តបានបញ្ជាក់ថា ការបិទផ្សាយនូវឯកសារ នៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ ទៅពិនិត្យមើលឱ្យ បានគ្រប់ៗគ្នា។

លោកបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងការបិទផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ។ 

លោកបានបន្តទៀតថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើន ក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។

លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា ក្រុងអរិយក្សត្រ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ១២លើក ហើយការបិទផ្សាយ នាពេលនេះមាន ចំនួន ០៦ភូមិ គឺភូមិលើ ភូមិស្វាយជ្រុំ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ភូមិព្រែកតាកូវ ភូមិព្រែកល្វា និងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ មានចំនួន៩៨៦២ក្បាលដី៕