(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតជូនពរ ឯកឧត្តម សូ ស៊ីនួន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម នាថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវក្តីសោមនស្សរីករាយ និងជូនពរជ័យចំពោះ ឯកឧត្តម សូមមានសិរីមង្គល បវរប្រសើរ ព្រមទាំងមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និងជន្មាយុយឺនយូរ។
ខ្ញុំសូមសរសើរ និងអរគុណដោយស្មោះចំពោះ ឯកឧត្តម ដែលជានិច្ចកាលតែងតែបានខិតខំ បំពេញបេសកកម្ម និងភារកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន ប្រកបដោយ ភាពស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់ និងក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ តាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕