(ពោធិ៍សាត់)៖ លោក លឹម សុខតូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG ) តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំស្រុកកណ្តៀង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ទទួលបានជយ័លាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល កម្រិត(ODF)។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានជម្រាបជូនថា ពាក់ព័ន្ធនឹងការងារវាយតម្លៃ ផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ បានទទួលការបណ្តុះបណ្តាល ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ហើយបានរៀបចំបង្កើតក្រុមការងារស្រុក/ឃុំ ដើម្បីផ្ទៀងផ្ទាត់។ ផ្អែកតាមសូចនាករ នៃការវាយតម្លៃបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិន្ទុចាប់ពី ៨៥%ឡើង ទើបជាប់ជាភូមិ ឃុំ ស្រុក កម្រិត(ODF) ហើយពិន្ទុចាប់ពី ៩៥% ឡើងជាប់ជាភូមិ ឃុំ ស្រុក កម្រិត(ODF+) ជាលទ្ធផលនៃការវាយតម្លៃ និងផ្ទៀងផ្ទាត់ ជារួមសម្រាប់រដ្ឋបាលស្រុកកណ្តៀង គឺទទួលបានពិន្ទុ ៩១% នៃខ្នងផ្ទះមានបង្គន់អនាម័យ ដូច្នេះគឺជាប់ជាស្រុក ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទ គឺជាសេនាធិការអោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលផ្តោតទៅលើ ការអភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ស្ពាន លូ ប្រព័ន្ធចែកចាយទឹកខ្នាតតូច ស្រះ ទឹកសហគមន៍ អណ្តូងទឹក និងបង្គន់អនាម័យ។ ដើម្បីសម្រេចឱ្យបាននៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅតាមជនបទ ត្រូវមានទឹកស្អាត និងអនាម័យ១០០% មន្ទីរបានសាងសង់ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យជាច្រើន ក្នុងនោះក៏មានការជួយគាំទ្រ ជ្រុំជ្រែង និងចូលរួមចំណែក យ៉ាងសកម្មពីបណ្តាសម្បុរសជន អង្គការជាតិ អន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត។ បច្ចុប្បន្នខេត្តពោធិ៍សាត់ មានអាត្រាគ្របដណ្តប់ទឹកស្អាត ៨៨,០២% និងផ្នែកអនាម័យជនបទមានអាត្រាគ្របដណ្តប់ ចំនួន១០០%ទូទាំងខេត្ត ហើយខេត្តក៏នឹងត្រៀមរៀបចំប្រកាស ទទួលជោគជ័យ នៃការបិទបញ្ចប់បន្ទោរបង់ពាសវាលពាសកាលទូទាំងខេត្ត កម្រិត(ODF) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ខាងមុខផងដែរ។
លោក លឹម សុខតូ អភិបាលរងខេត្ត បានថ្លែងអំណរគុណរដ្ឋបាលស្រុកកណ្តៀង ព្រមទាំងរដ្ឋបាលឃុំទាំងអស់ នៃស្រុកកណ្តៀង មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍ ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមសហការគ្នា លើកកម្ពស់អនាម័យបរិស្ថាន តាមរយៈការប្រើប្រាស់បង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាត នៅតាមមូលដ្ឋាន រហូតទទួលបានជោគជ័យ និងបិទបញ្ចប់ (ODF)នាថ្ងៃនេះ។
លោកបានថ្លែងថា សមិទ្ធផលនៃការបញ្ចប់បន្ទោរបង់ពាសវាលពាសកាល នៅស្រុកកណ្តៀងនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍជាតិ ជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុក បានបង្កើនលទ្ធភាព ក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែលជាភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះថាបើការរស់នៅមិនមានអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើតជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព ទាំងរូបរាងកាយ និងសតិបញ្ញាស្មារតី ជាពិសេសធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។
លោកអភិបាលរងខេត្តបន្តថា ការសម្រេចបានសមិទ្ធផលនេះ គឺពិតជាកើតឡើងដោយសារការចូលរួមសហការគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសកិច្ចខិតខំប្រឹងប្រែងបំផុត របស់លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការតាំងចិត្ត ការប្តេជ្ញាចិត្ត រួមគំនិតគ្នាធ្វើ ដើម្បីទទួលបាននូវជោគជ័យ នៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល កម្រិត(ODF)នាពេលនេះ។
លោក លឹម សុខតូ បានគូសបញ្ជាក់ថា សម្រាប់ខេត្តពោធិ៍សាត់ គឺជាខេត្តទី២៣ហើយ ដែលយើងត្រៀមទទួលជោគជ័យ នៃការបិទបញ្ចប់បន្ទោរបង់ពាសវាលពាសកាលទូទាំងខេត្ត កម្រិត(ODF) ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឆាប់ៗខាងមុខ៕