(ភ្នំពេញ)៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងអំពីសារសំខាន់នៃច្បាប់ចំពោះការគ្រប់គ្រងនិងអភិវឌ្ឍសង្គមជាតិ។

លោកបញ្ជក់ថា នីតិរដ្ឋកើតចេញពីការឯកភាពគ្នាលើការកំណត់ នូវវិធាននានា (Rules-based) ដែលមានលក្ខណៈច្បាស់លាស់ ដោយដាក់ចេញនូវគុណតម្លៃ (Value) ទៅក្នុងវិធានទាំងនោះឱ្យទៅជាច្បាប់សម្រាប់ទាំងអស់គ្នាគោរពតាម ហើយគ្មានអ្នកណាមានសិទ្ធិលើសអ្នកណាចំពោះមុខច្បាប់ឡើយ គឺត្រូវតែស្មើគ្នាចំពោះមុខច្បាប់ ហើយនៅក្រោមច្បាប់ទាំងអស់គ្នា។

«ដូច្នេះ បើដាក់ច្បាប់នៅលើមនុស្ស ច្បាប់នោះ ត្រូវតែល្អនិងត្រូវមានប្រយោជន៍ ពិសេស ត្រូវស័ក្តិសមនឹងតថភាពជាក់ស្តែងនិងត្រូវបម្រើឱ្យការការពារជាតិ ការកសាងជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក៏ដូចជាការការពារសិទ្ធិ និងសេរីភាពបុគ្គល»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកឧបនាយករដ្ឋមន្រ្តី។

លោកបានបញ្ជាក់បន្ថែមថា អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់បង្កើតមកដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុកនោះទេ។ នៅក្នុងទស្សនៈនេះ ការប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានីតិរដ្ឋរបស់កម្ពុជា គឺត្រូវឱ្យស្របតាមបរិការណ៍កម្ពុជា ដែលបង្កប់នូវគុណតម្លៃល្អៗ និងមានប្រយោជន៍ដល់សង្គមជាតិកម្ពុជា ក្នុងនោះ មានទាំងគុណតម្លៃផ្នែកសីលធម៌ (Ethic) និយាមសង្គម (Social norm) ប្រពៃណី (Tradition) និងទំនៀមទម្លាប់ (Custom) ផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា នៅក្នុងន័យនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ពិតជាត្រូវការនូវការគាំទ្រ ក៏ដូចជាការចូលរួមយ៉ាងសកម្ម និងបុរេសកម្ម ពីសំណាក់គ្រប់ដៃគូ និងតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ពីគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្រេចឱ្យបានជោគជ័យនូវផែនការកម្មវិធីការងារនៃក្របខ័ណ្ឌយុទ្ធសាស្ត្រកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។ ចំពោះមុខនេះ គ.ក.ច. នឹងត្រូវអនុវត្តការងារជាអាទិភាពគន្លឹះមួយចំនួន ដូចខាងក្រោម៖

ទី១៖ រៀបចំព្រះរាជក្រឹត្យបង្កើតគណៈកម្មការជាតិការពារនីត្យានុកូលភាព និង
គណៈកម្មការជាតិភាសាច្បាប់

ទី២៖ រៀបចំបង្កើតគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ និងក្រុមការងារ
កែទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័ន

ទី៣៖ បង្កើនការផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល និង

ទី៤៖ រៀបចំវិបស្សនាស្តីពី «អត្តសញ្ញាណប្រព័ន្ធច្បាប់កម្ពុជា» នៅក្នុងឆ្នាំ២០២៥នេះ ដែលនឹងគ្រោងអញ្ជើញ បញ្ញវន្តច្បាប់ អ្នកប្រកបវិជ្ជាជីវៈច្បាប់ អ្នកជំនាញការច្បាប់ទាំងក្នុងនិងក្រៅប្រទេស ចូលរួមពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ដើម្បីប្រមូលធាតុចូលកំណត់អំពីអត្តសញ្ញាណប្រព័ន្ធច្បាប់កម្ពុជា ឆ្ពោះទៅកសាងប្រព័ន្ធច្បាប់មួយ ដែលបង្កប់ដោយទស្សនវិជ្ជានីតិរដ្ឋរបស់កម្ពុជា រួមទាំងគុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់របស់យើង។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានស្នើសុំគ្រប់តួអង្គជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ ចូលរួមគាំទ្រនិងអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកម្ពុជាមានបូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពនៃវប្បធម៌នីតិរដ្ឋ៕