(បាត់ដំបង)៖ ក្នុងឱកាសបំពេញការងារក្នុងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងមានវត្តមានចូលរួមពីលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយលោកតា ចំនួន ៤គ្រួសារ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
សម្រាប់លោកយាយលោកតាទាំង ៤នាក់ខាងលើនេះ គឺបានទទួលរងគ្រោះឆ្លងមេរោគអេដស៍ដោយការចាក់ថ្នាំប្រើប្រាស់ម្ជុលស៊ឺរ៉ាំងរួមគ្នាដោយគ្រូពេទ្យខ្វះវិជ្ជាជីវៈ កាលពីឆ្នាំ២០១៤កន្លងទៅ។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ ក៏ប៉ុន្តែស្ថានភាពមេរោគអេដស៍នៅក្នុងខ្លួនរបស់ពួកគាត់ មិនបានប៉ះពាល់ដល់សុខភាពពួកគាត់ទេ ដោយសារថា ពួកគាត់បានលេបឱសថប្រឆាំងមេរោគអេដស៍បានជាប់លាប់ ទៀងទាត់ និងត្រឹមត្រូវ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមកោតសរសើរចំពោះលោកយាយលោកតា ដែលសុទ្ធតែជាគម្រូសម្រាប់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ក្នុងការលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានជាប់លាប់ ទៀងទាត់ និងត្រឹមត្រូវ និងសម្រេចបាន (ម=ម ឬ U=U) ដែលមានន័យថា (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) និងជាពិសេសគឺជាគំរូនៃការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍។ លោកស្រី ក៏បានជូនពរលោកយាយលោកតា សូមបន្តថែទាំសុខភាពឱ្យបានល្អ និងមានជន្មាយុយឺនយូរតទៅ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភស្បៀង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដល់គ្រួសារខាងលើផងដែរ។
បន្ទាប់មកគណៈប្រតិភូ បានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមាររងគ្រោះដោយមេរោគអេដស៍ចំនួន ២២គ្រួសារ ដែលរស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងនាំយកអំណោយជាសម្ភារសិក្សា សម្ភារអនាម័យមួយចំនួនផ្តល់ជូនផងដែរ ដែលអំណោយទាំងអស់នេះ គឺជារបស់ លោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម៕