(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅនេះ ការធ្វើកំណែទម្រង់ច្បាប់សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ហើយបង្កើតបានជាសារវន្តនូវមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងរដ្ឋ ពិសេសការធានាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់ និងអន្តរជាតិ។

លោកបានបញ្ជាក់បន្ថែមថា កំណែទម្រង់ច្បាប់ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចខ្ពស់ មានភាពធន់ និងរឹងមាំ និងការកាត់បន្ថយភាពក្រីក្រ ជាង ២ទសវត្សរ៍កន្លងមក ជាក់ស្តែង កម្ពុជាបានកសាងច្បាប់រហូតដល់ចំនួន ៦៣២ លើគ្រប់វិស័យ គិតត្រឹមចុងនីតិកាលទី៦ នៃរដ្ឋសភា ដែលចំនួននេះ ពុំទាន់រាប់បញ្ចូលនូវលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ជាច្រើនទៀតនៅឡើយទេ។

លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

លោកបានបន្តថា សមិទ្ធផលខាងលើអាចសម្រេចទៅបានមួយផ្នែក ដោយមានការចូលរួមពីមិត្តបរទេស និងដៃគូអភិវឌ្ឍន៍ ដែលបាននាំមកជាមួយនូវឥទិ្ធពលប្រព័ន្ធច្បាប់ផ្សេងៗគ្នាផងដែរ។ កត្តានេះ រួមទាំងកត្តាប្រវត្តិសាស្រ្ត វប្បធម៌ សាសនា នយោបាយ សាកលភាវូបនីយកម្ម និងការអប់រំរបស់អ្នកច្បាប់កម្ពុជានៅបរទេសជាដើម បានញ៉ាំងឱ្យប្រព័ន្ធច្បាប់កម្ពុជា នាពេលបច្ចុប្បន្នមានអត្តសញ្ញាណបែបចម្រុះ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមទៀតថា ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់យ៉ាងណាក្តី ស្ថានភាពបច្ចុប្បន្ន មានជាអាទិ៍ អសង្គតិភាពនៃច្បាប់ជាធរមាន គម្លាតរវាងគោលនយោបាយនិងច្បាប់ គម្លាតរវាងការរៀបចំនិងការអនុវត្តច្បាប់ ព្រមទាំងបញ្ហាជារចនាសម្ព័ន្ធនៃស្ថាប័នជាច្រើនទៀត ទាមទារឱ្យមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមពីសំណាក់អ្នកច្បាប់ក្នុងសង្គមកម្ពុជា ក្នុងការរៀបរយ និងកែទម្រង់ច្បាប់បន្ថែមទៀត៕