(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំ និងដាក់ឲ្យដំណើរការគណៈកម្មាធិការជាតិការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្ដែង នៃការធានាសន្ដិសុខគតិយុត្ត និងឯកសណ្ឋានភាព ឬឯកភាព នៃការអនុវត្តច្បាប់។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញគណៈកម្មាធិការដឹកនាំការកទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំ និងដាក់ឲ្យដំណើរការគណៈកម្មាធិការជាតិភាសាច្បាប់ ដើម្បីធានាសង្គតិភាព និងឯកភាព នៃការប្រើប្រាស់ពាក្យច្បាប់ និងភាសាច្បាប់ ទាំងសម្រាប់នីតិសាមញ្ញ និងនីតិវិសេស។
គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ គឺស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលរបស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងដែលត្រូវបានអនុម័តកាលពីពេលថ្មីៗកន្លងទៅនេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំ និងដាក់ឲ្យដំណើរការគណៈកម្មាធិការជាតិការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែង នៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាពឬឯកភាពនៃការអនុវត្តច្បាប់»។
បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការចាប់ផ្តើម រៀបចំនីតិវិធីដាក់ឲ្យដំណើរការគណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់ នៃក្រសួងស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឲ្យសម្រេចជាលទ្ធផល ជាក់ស្ដែងស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាមជំហានយុទ្ធសាស្ត្រទាំងបួនដំណាក់កាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមចំណែកយ៉ាងសកម្ម អន្តរសកម្ម និងបុរេសកម្ម ស្របតាមមុខងារនិងភារកិច្ចជាធរមាន និងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឈានទៅសម្រេចចេញលទ្ធផលជាក់ស្តែង ជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋនៅកម្ពុជា ជាពិសេសដើម្បីបង្កើនជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋ, វិនិយោគិន និងវិស័យឯកជន មកលើប្រព័ន្ធច្បាប់កម្ពុជា៕