(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានលេីកឡេីងថា កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បង្ហាញថា កម្ពុជាមានតាំងពីសម័យហ្វូណន។
ការលេីកឡេីងបែបនេះ ធ្វេីឡេីងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា កម្ពុជាមានច្បាប់ សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យ កាលនៃទំនើបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩»។
បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលេីកឡេីងថា កាលនោះ ច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ ដែលមានឧត្តមានុភាពគ្របដណ្ដប់លើអំណាចទាំងអស់ រួមទាំងអំណាច របស់ ព្រះ មហា ក្សត្រ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ផ្អែកតាមសិលាចារឹកនាសម័យអង្គរ ព្រះមហាក្សត្របានលើកតម្កើង ព្រះធម្មសាស្ត្រ ជាច្បាប់កំពូល និងគោរពប្រតិបត្តិ តាមរាជ បវេណី ដោយ តម្កល់ លើ ព្រះសិរសារបស់ព្រះអង្គ ដើម្បីថែរក្សាព្រះរាជគុណធម៌ ជាព្រះធម្មរាជា ឬព្រះរាជា ទ្រង់ធម៌។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនៀមនេះ បានគូសបញ្ជាក់អំពី ទស្សនៈវិជ្ជានយោបាយដឹកនាំប្រទេសផង និងទស្សនវិជ្ជាដឹកនាំខ្លួន តាមបែបជំនឿ ឬសាសនារបស់ប្រជារាស្ត្រទូទាំងប្រទេសផង ដោយព្រះវីរគំរូរបស់ព្រះមហាក្សត្រ ក្នុងការបដិបត្តិ ព្រះរាជធម៌ ឬទសពិធរាជធម៌ (ព្រះធម្មទាំង១០ ប្រការរបស់ព្រះរាជា) ដើម្បីជា មហាកុសល ផ្តល់សេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយ រីកចម្រើន រុងរឿង ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ចាប់តាំងពីដំណើរការទំនើបនីយ កម្មប្រព័ន្ធច្បាប់ខ្មែរ តាមបែបបារាំងនាឆ្នាំ១៨៨៤ រហូតមក ប្រព័ន្ធច្បាប់ខ្មែរ បានប្រែក្លាយជាប្រព័ន្ធច្បាប់តាមលំនាំប្រព័ន្ធច្បាប់បែបបារាំង រហូតមកដល់ពេលប្រទេសកម្ពុជា មានរដ្ឋធម្មនុញ្ញបែបបារាំងជាលើកដំបូង ដែលបានបន្តនៅឆ្នាំ១៩៤៧៕