(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា-SCA»។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA, សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, ឯកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំកម្ពុជា, តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសយានដ្ឋានVINCI របស់បារាំង និងក្រុមហ៊ុន Muhibbah របស់ម៉ាឡេស៊ី ចំពោះការវិនិយោគ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានវិនិយោគអស់ទឹកប្រាក់រាប់លានដុល្លារ ធ្វើឱ្យសន្ទុះនៃកំណើនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងយ៉ាងខ្លាំង។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយសហថាមភាព និងការទទួល ខុសត្រូវខ្ពស់ក្នុងការចូលរួមធានាឱ្យបាននូវសុខសុវត្ថិភាព និងប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ឱ្យកាន់តែរីកចម្រើនជាលំដាប់។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសរំលេចថា សមិទ្ធផលទាំងនេះអាចសម្រេចបាន ផ្តើមចេញពី គំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ចេញនូវគោលនយោបាយ «បើកចំហជើងមេឃ» កាលពីឆ្នាំ១៩៩៩ និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» និងបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបន្តផ្តល់អាទិភាពខ្ពស់លើវិស័យ អាកាសចរណ៍ស៊ីវិល និងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ និងបានបញ្ចប់ការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា» នាពេលថ្មីៗនេះ។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកាន់តែផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យឯកជនដែលជាដៃគូមិនអាចខ្វះបានដើម្បីដើរតួជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាជារចនា សម្ព័ន្ធ ដែលរាំងស្ទះដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ហើយស្ថាប័នរដ្ឋនឹងដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ សំដៅ ជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន និងចីរភាព។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ទន្ទឹមនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព រយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននឹងបន្តឈរជើងនិង វិនិយោគបន្ថែមទៀតនៅកម្ពុជា តាមរយៈការចូលរួមគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ដែលនឹងក្លាយជា Game Changer មួយនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលនិង ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ កម្ពុជា ដែលនឹងរួមចំណែកបង្កើនសក្ដានុពលជើងហោះហើរឆ្លងទ្វីបរបស់កម្ពុជាថែមមួយកម្រិតទៀត និងទាក់ទាញការវិ និ យោគបរទេសបន្ថែមប្រកបដោយសុវត្ថិភាព គុណភាព និងជំនឿទុកចិត្ត។
មុននឹងបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុន Muhibbah ប្រកាន់ខ្ជាប់នូវស្មារតីនៃការពិភាក្សាបើកចំហ និងការទទួលខុសត្រូវដែលកិច្ចសហប្រតិបត្តិការនេះបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបង្កើតសមិទ្ធផលជាច្រើនអនេក និងបន្តទទួលបានជោគជ័យនារយៈពេល៣០ឆ្នាំតទៅមុខទៀត៕