(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់របស់រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើត​ឡើង​រួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាម​រយៈ​ការអនុម័តជាផ្លូវការនូវកម្មវិធី «ការកែទម្រង់​ច្បាប់ និងតុលាការ» ដោយកិច្ចប្រជុំ​ពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០០៣ ក្រោមអធិបតីភាពសម្ដេចតេ​ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុង​ចក្ខុ​វិស័យ​បង្កើតនូវវិស័យច្បាប់ និងតុលាការ​មួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរ​ភាព សម្រាប់ទ្រទ្រង់គោលការណ៍​សិទ្ធិ​របស់​បុគ្គល ការបែងចែកអំណាចដាច់ពីគ្នា និង​នីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាមរយៈការលើកស្ទួយនូវការរីក​ចម្រើន​សេដ្ឋកិច្ចនាំមុខដោយ​វិស័យ​ឯកជន។

ក្នុងទស្សនវិស័យនៃការបង្កើនល្បឿនការកែទម្រង់ច្បាប់ និងតុលាការ រាជរដ្ឋា​ភិ​បាល​ក៏បានអនុម័តនូវកម្មវិធីសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និង​តុលាការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ដើម្បី​លើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាល់ទី១ និង​ដែលត្រូវបានបន្តចាត់ទុកជាការងារអាទិភាពនៅដំណាក់កាលទាំងបួន នៃយុទ្ធ​សាស្ត្រ​​ចតុកោណរបស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ដោយពិនិត្យឃើញអំពីវិសាលភាព សារៈសំខាន់ និងភាពចាំបាច់នៃការ​ជំរុញល្បឿន​នៃ​ការ​កែទម្រង់ច្បាប់ រាជរដ្ឋាភិបាលនីតិកាលថ្មី ក្រោម​ការ​ដឹកនាំ​ប្រកបដោយភាពស្វាហាប់ និងជវ​ភាព​ថ្មីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅដើម​អាណត្តិទី៧ នៃរដ្ឋសភានេះ បាន​សម្រេច​​ធ្វើវិចារណកម្មស្ថាប័ន​នៃគណៈកម្មា​ធិការ​ដឹក​នាំការកែទម្រង់ច្បាប់ និងប្រព័ន្ធ​យុត្តិធម៌ ដោយបង្កើតស្ថាប័នពីរដោយឡែកពីគ្នា គឺ គណៈកម្មាធិការដឹកនាំការ​កែទ​ម្រង់​ច្បាប់ ដឹកនាំដោយទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ផ្តោតលើការកែទម្រង់ប្រព័ន្ធ​ច្បាប់​ទាំងមូលរបស់ប្រទេស រីឯគណៈកម្មាធិការដឹក​នាំការ​កែទម្រង់យុត្តិធម៌ ដឹកនាំដោយ​ក្រសួងយុត្តិធម៌ ដែលផ្តោតលើការកែទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌ប្រទេស ស្របតាម​អាទិ​ភាព​គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានចា​រឹកទុកជាស្នូល​នៃយុទ្ធ​សាស្ត្របញ្ចកោណ។

ស្របតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ រាជ​រដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ តាមព្រះរាជក្រឹត្យ​លេខ នស/រកត/០២២៤/១៥០ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបាន​កំណត់​តួនាទី​ និងភារកិច្ច ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ គាំទ្រ សម្រប​សម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ និងពង្រឹងមុខងារនីតិកម្ម នៃ​ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលជាមួយក្រុមប្រឹក្សាអ្នកច្បាប់​នៃទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ក្នុងបុព្វហេតុ នៃការពង្រឹងនិងពង្រីកគុណភាព និងប្រសិទ្ធភាពនៃវប្បធម៌​នីតិរដ្ឋ​របស់​ព្រះរាជាណាចក្រកម្ពុជា។

ក្នុងស្មារតីនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានរៀបចំ «ក្របខ័ណ្ឌយុទ្ធ​សាស្ត្រនៃកម្មវិធី កែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដែលជាមគ្គុទេសក៍បង្ហាញផ្លូវ ក្នុងការដឹកនាំ សម្របសម្រួល ការផ្តល់ប្រឹក្សា ការតាក់តែង ការត្រួតពិនិត្យការអនុវត្ត និងការដោះស្រាយវិវាទនៃច្បាប់ ដោយត្រូវធានា ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព​នៃ​ការ​អនុវត្តច្បាប់ ស្របតាមចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយ កំណត់ដាក់​ចេញ​យុទ្ធសាស្ត្រគន្លឹះចំនួន៤គឺ យុទ្ធសាស្ត្រគន្លឹះទី១ ដឹកនាំ និងសម្រប​សម្រួល​ចង​ក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី២ ដឹកនាំ និង​សម្របសម្រួលរៀបចំ ក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធ​សាស្រ្ត​គន្លឹះទី៣ ដឹកនាំនិងសម្របសម្រួលពិនិត្យ និងវាយតម្លៃគុណភាព​ និងប្រសិទ្ធ​ភាពនៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ​គន្លឹះទី៤ ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌ​ដោះស្រាយវិវាទ​គតិយុត្ត​ និង ការពារនីត្យានុកូលភាព។

ផ្អែកតាមយុទ្ធសាស្ត្រគន្លឹះទាំង៤ខាងលើ គណៈកម្មាធិការដឹកនាំការកែទម្រង់​ច្បាប់​បាន​រៀបចំនូវគោលដៅយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់ចំនួន៤ ដែលអាច​សម្រេច​តាមជំហាននៃការកែទម្រង់ និងលំដាប់អាទិភាពនៃសេចក្តីត្រូវការជាក់ស្ដែង​សម្រាប់​រយៈពេល២០ឆ្នាំទៅមុខ ដែលចែកជា ៤ដំណាក់កាលរួមមាន៖

ទី១៖ ពិនិត្យានុភាវូបនីយកម្មនៃលិខិតបទដ្ឋានគតិយុត្ត (Accessibility of Laws) សំដៅដល់ការផ្សព្វផ្សាយជាសាធារណៈ តាមបែបប្រពៃណីផង (លិខិតរឹង) និងបែប​ទំនើប ឬឌីជីថល (លិខិតទន់) ដែលធានាភាពជឿទុកចិត្តបាន សុពលភាពគតិយុត្ត អាចជំទាស់បាន និងទទួលស្គាល់ ឬទទួលខុសត្រូវដោយសា្ថប័នជាក់លាក់ (ជាក់​ស្តែង​​ទីស្តីការគណៈរដ្ឋមន្ត្រី)

ទី២៖ សុខដុមភាវូបនីយកម្មនៃបទដ្ឋានគតិយុត្ត (Harmo​nization of Laws) សំដៅ​ដល់ការធានាសង្គតិភាព បូរណភាព និង​នីត្យា​នុកូល​ភាព នៃការតាក់តែង​សេច​ក្តី​ព្រាងច្បាប់ ការបកស្រាយ និងការអនុវត្តច្បាប់​ និងលិខិត​បទដ្ឋានគតិយុត្ត

ទី៣៖ ឯកសណ្ឋានូបនីយកម្មប្រព័ន្ធច្បាប់ (Uniformization of Legal System) សំដៅដល់ការបន្ស៉ីគ្នារវាងប្រព័ន្ធច្បាប់ខ្មែរបច្ចុប្បន្ន ជាមួយប្រព័ន្ធ​ច្បាប់ផ្សេងៗ ស្រប​តាម​តម្រូវការកែទម្រង់នានារបស់ក្រសួង ស្ថាប័ន នៃរាជ​រដ្ឋា​ភិបាល​ក្នុងបំណងធានា​ឯក​ភាពជាប្រព័ន្ធនៃនីតិរដ្ឋកម្ពុជា

ទី៤៖ បូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពវប្បធម៌នីតិរដ្ឋ (Integrity of the Legal System and Continuity in Respect for the Rule of Law) សំដៅដល់​ការ​កសាងអត្ត​សញ្ញាណ​នៃប្រព័ន្ធ​ច្បាប់កម្ពុជា ដោយធានាបាននូវការប្រកាន់ខ្ជាប់ជានិរន្ត​រ៍​នូវ​ការគោរពប្រតិបត្តិ និង​តម្កល់​​ច្បាប់ជាធំពីសំណាក់ប្រជាពលរដ្ឋ អ្នកដឹកនាំ និង​គ្រប់​ក្រសួង ស្ថាប័នដោយ​ស្មើភាពគ្នា និងជំនឿទុកចិត្ត។

បន្ថែមពីលើនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងទីស្តីការគណៈរដ្ឋមន្ត្រី ក៏ត្រូវបំពេញមុខងារ និងតួនាទីស្នូលរបស់ខ្លួនចំនួន៤បន្ថែមទៀតរួមមាន៖

ទី១៖ ភាពជឿទុកចិត្តបាននៃលិខិតបទដ្ឋានគតិយុត្ត សំដៅដល់លិខិតបទដ្ឋានគតិ​យុត្ត ត្រូវបានប្រមូលផ្តុំនិងផ្សព្វផ្សាយ ប្រកបដោយភាពជឿទុកចិត្តបាន និងអាច​ជំទាស់​​បាន ជូនដល់សាធារណជន ដោយសា្ថប័នទទួលខុសត្រូវជាក់លាក់។ ក្នុងន័យ​នេះ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មិនត្រឹមតែ តាក់តែងឡើងដោយ​បង្កប់នូវ​គុណ​តម្លៃ​រួម ឆ្លើយតបនឹងតថភាពសង្គមជាក់ស្ដែង បម្រើឱ្យការកសាងជាតិ និងការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំង​តាមមធ្យោបាយប្រពៃណី ទាំងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល ដែលអនុញ្ញាត​ឱ្យមន្ត្រីអនុវត្ត និងប្រជាពលរដ្ឋ អាចងាយស្វែងរក ស្វែងយល់ និងសិក្សារៀនសូត្រ​បាន។ ក្នុងន័យនេះ ទីស្តីការគណៈរដ្ឋមន្ត្រី មានភារកិច្ចធានាថារាល់ច្បាប់ និងលិខិត​បទដ្ឋានគតិយុត្តដែលក្រសួង ស្ថាប័ន បានរៀបចំនិងដាក់ឱ្យអនុវត្ត ត្រូវបានប្រមូល​ចងក្រង និងផ្សព្វផ្សាយជាសាធារណៈជាអាទិ៍ ការរៀបចំចងក្រង​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត តាមវិស័យផ្អែកតាមវិធីសាស្ត្រក្រមភាវូបនីយកម្ម ការរៀបចំឱ្យមាន​ប្រព័ន្ធ​គ្រប់គ្រងនិងផ្សព្វផ្សាយទិន្នន័យរួម និងការចងក្រងជាសទ្ទានុក្រមគតិយុត្ត​តាមវិស័យ។

ទី២៖ បូរណភាពនៃនីតិធរមានឬនីតិវិជ្ជមាន សំដៅដល់នីតិធរមាន/វិជ្ជមាន ដែលមាន​លក្ខណៈពេញលេញ ប្រទាក់ក្រឡា សង្គតិភាព និងឥតខ្វះចន្លោះដែលត្រូវបានប្រមូល​ផ្ដុំពីគ្រប់ក្រសួង ស្ថាប័ន ដោយបានរៀបចំសម្រាប់អនុវត្តគោលនយោបាយ​ និងយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាល ស្របតាមរបៀបវារៈ គោលនយោបាយ របស់រាជរដ្ឋា​ភិ​បាល ហើយធានាបានថាផ្ដល់ផលប៉ះពាល់ជាវិជ្ជមានដល់បុគ្គល សហគមន៍ អង្គការ ក្រុមហ៊ុន ធុរកិច្ច សេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។

ទី៣៖ តុល្យភាពនៃមុខងារ និងសមត្ថកិច្ច សំដៅដល់ប្រព័ន្ធស្ថាប័ន មុខងារ សមត្ថ​កិច្ច និងយន្តការ ដែលធានាឱ្យមានការបែងចែកមុខងារ និងតួនាទីរវាងអ្នកអនុវត្ត​ច្បាប់​ និងអ្នកត្រួតពិនិត្យការអនុវត្តច្បាប់ ប្រកបដោយគណនេយ្យភាព សុចរិតភាព សមធម៌ និងតុល្យភាពរវាងមុខងារ សិទ្ធិអំណាច និងការទទួលខុសត្រូវ ជៀសវាង​ការបំពានសិទ្ធិអំណាច ដែលនាំទៅរកការប៉ះពាល់ដល់គោលការណ៍គ្រឹះនៃជវភាព នៃប្រព័ន្ធតួអង្គតែមួយ។

ទី៤៖ មណ្ឌលមជ្ឈភាព សំដៅដល់អព្យាក្រឹតភាព និងភាពជាកណ្តាលរបស់​គណៈ​កម្មា​ធិការ ដឹកនាំការកែទម្រង់ច្បាប់ និងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានា សម្រប​សម្រួល និងដោះស្រាយភាពមិនស៊ីចង្វាក់គ្នា ការត្រួតស៊ីគ្នា ឬទំនាស់រវាងច្បាប់​ និង​លិខិត​បទដ្ឋានគតិយុត្តជាសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុង​ពេល​អនុ​វត្ត។ ក្នុងករណីក្រសួងស្ថាប័នពីរ ឬច្រើន មានទស្សនៈផ្សេងគ្នា ក្នុងពេលអនុវត្តគណៈ​កម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងទីស្តីការគណៈរដ្ឋមន្រ្តី មានភារកិច្ចស្នូលក្នុង​ការ​ធានាការឯកភាពគ្នា ទាំងលើការប្រើប្រាស់ពាក្យច្បាប់ ទស្សនាទានច្បាប់ ទាំងការ​កំណត់​ខ្លឹមសារ ឬអភិក្រមនៃការបកស្រាយ ខ្លឹមសារច្បាប់។

ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលនេះ ត្រូវបានរៀបចំ និង​ដាក់​ឆ្លង កិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នា​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២៤ និង ដាក់ពិភាក្សាយ៉ាងទូលំទូលាយក្នុងសិក្ខាសាលាថ្នាក់​ជាតិនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន វិជ្ជាជីវករច្បាប់ សាស្ត្រាចារ្យនីតិសាស្ត្រ អ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ២៥០រូប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា កម្ពុជាត្រូវការប្រព័ន្ធច្បាប់​មួយ​ដែលផ្អែកលើនីតិរដ្ឋ ដើម្បីការពារឯករាជ្យ បូរណភាពទឹកដី ភាពជាម្ចាស់ ការពារ​សិទ្ធិ​មនុស្ស និងកម្មសិទ្ធិឯកជន យុត្តិធម៌សង្គម ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចទីផ្សារ​ដែល​រស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទាំងមូល។

សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវ​បំពេញតួនាទីយ៉ាងសំខាន់ជាយន្តការដឹកនាំសម្របសម្រួល និងជំរុញអនុវត្តការ​ងារកែ​ទម្រង់​ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹង​និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាពនិងប្រសិទ្ធ​ភាព​ច្បាប់។ ជាមួយគ្នានេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញ​តួ​នា​ទី​​ក្នុងការដឹកនាំ ការសម្របសម្រួល គាំទ្រ និងពង្រឹងមុខងារនីតិកម្មនៃក្រសួង ស្ថាប័ន របស់ រាជរដ្ឋាភិបាល ជាមួយនឹងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​បុព្វ​ហេតុនៃការកសាងអត្តសញ្ញណ នៃប្រព័ន្ធច្បាប់កម្ពុជា ការពង្រឹងនិងពង្រីកគុណភាព ប្រសិទ្ធភាពនៃវប្បធម៌នីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងមានវិសាល​ភាព​គ្រប​ដណ្តប់លើការកសាងប្រព័ន្ធច្បាប់កម្ពុជាទាំងមូលនៅលើមាគ៌ានៃការពង្រឹងអភិបាលកិច្ច និងធានាចីរភាពនៃវប្បធម៌នីតិរដ្ឋ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិផង និងប​រិ​ការ​ណ៍​ប្រវត្តិសាស្ត្រកម្ពុជាផង។

សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចផងដែរថា ក្របខ័ណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធី​កែ​ទម្រង់​ច្បាប់របស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបរៀងដោយយកចិត្តទុកដាក់ និង​ពិគ្រោះ​យោបល់គ្រប់ជ្រុងជ្រោយជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយគណៈកម្មាធិការ​ដឹក​នាំ ការកែទម្រង់ច្បាប់ គឺជាមគ្គុទេសក៍បង្ហាញផ្លូវដំបូង ក្នុងការដឹកនាំ គ្រប់គ្រង និង​អនុវត្ត​ការងារទាក់ទងនឹងការកែទម្រង់ច្បាប់ ដោយគណៈ​កម្មាធិការ​ដឹកនាំ​ការកែ​ទម្រង់​ច្បាប់ សំដៅកែទម្រង់ច្បាប់កម្ពុជាឱ្យ ទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខ គតិយុត្ត ស្របតាម​ឧត្តមានុវត្តន៍អន្តរជាតិនិងបរិការណ៍កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងភាគី​ពាក់​ព័ន្ធទាំងអស់ ផ្តល់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងមាន​ប្រសិទ្ធ​ភាពជាមួយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៅក្នុងការអនុវត្ត​ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ ច្បាប់របស់រាជរដ្ឋាភិបាលនេះ ជាពិសេសនៅក្នុង​ការ​បង្កើតនិងដាក់ឱ្យដំណើរការគណៈកម្មការជំនាញ ទទួលបន្ទុកតាមវិស័យ គណៈ​កម្មការជាតិការពារនីត្យានុកូលភាព គណៈកម្មការជាតិភាសាច្បាប់ និងក្រុមការងារ​កែ​ទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័ន។

ផ្អែកលើការគាំទ្រ និងការចូលរួមអនុវត្តដោយសកម្ម និងប្រកបដោយការទទួល​ខុស​ត្រូវ​ខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងតួអង្គពាក់ព័ន្ធទាំងអស់ សម្តេចមហាប​វរ​ធិបតី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹង បោះជំហានទៅមុខប្រកប​ដោយ​ភាព​ស្វាហាប់ ដើម្បីសម្រេចបាននូវការកសាងនិម្មាបនកម្មនៃប្រព័ន្ធច្បាប់ និងវប្ប​ធម៌​នីតិរដ្ឋ ដោយផ្អែកលើគុណតម្លៃប្រវត្តិសាស្ត្រកម្ពុជានិងគុណតម្លៃសាកល ដើម្បីធានា​ស្ថិរភាពនិង ចីរភាពនៃការកសាងរដ្ឋមួយដែលរឹងមាំ ឯករាជ្យ អធិបតេយ្យ ប្រជាធិប​តេយ្យសេរីពហុបក្ស គោរពសិទ្ធិ សេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស សមធម៌ និង​យុត្តិធម៌ក្នុងសង្គម វប្បធម៌ថ្កុំថ្កើងរុងរឿង និងប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារជឿនលឿន សុខុមាលភាពប្រជាពលរដ្ឋ នាយុគសម័យបច្ចេកវិទ្យាទំនើប៕