(បាត់ដំបង)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) នៅខេត្តបាត់ដំបង ដែលសហការរៀបចំដោយកាកបាទក្រហមកម្ពុជា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង។
ព្រឹត្ដិការណ៍នេះ ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ចូលរួមក្នុងក្បួនជិះកង់ ម៉ូតូ រ៉ឺម៉ក និងរថយន្ត ដោយប្រើគ្រឿងឧគ្ឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយពីសារ របស់ (ម=ម ឬ U=U) ចាប់ផ្តើមពីបរិវេណរង្វង់មូលវិមានឯករាជ្យ កាត់តាមផ្សារណាត់ ឆ្លងស្ពានថ្មថ្មី ឆ្ពោះតាមផ្លូវជាតិលេខ៥ ហើយឆ្ពោះទៅកាន់មន្ទីរពេទ្យរកា ឃុំរកា ខេត្តបាត់ដំបង។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏មានវត្តមានលោក ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍, លោក ស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម,លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តបាត់ដំបងលោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងមានតំណាងមកពី សហគមន៍អ្នកផ្ទុកមេរោគអេដស៍ថ្នាក់ឃុំ, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ, រដ្ឋបាលខេត្ត មន្ត្រី អ្នកស្មគ្រ័ចិត្ត និងយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ២០អង្គភាព។
ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា, លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងដោយក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងព្រឹត្តិការណ៍ មស្មើម ជាលើកទី២ ក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីបានធ្វើលើកទី១ កាលពីខែឧសភាកន្លងទៅនៅមុខប្រាសាទអង្គរវត្ត។
លោកស្រី បានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីកាត់បន្ថយការរើសអើង និងមាក់ងាយទៅលើបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងសហគមន៍ ដែលជាសារមួយជួយជំរុញលើកទឹកចិត្ត ក្នុងការមកទទួលសេវាព្យាបាលជាប់លាប់ ដោយឱសថប្រឆាំងមេរោគអេដស៍ ជំរុញការមកធ្វើតេស្តឈាមនិងឆាប់ទទួលបានការព្យាបាល ដោយលើកកម្ពស់សិទ្ធិនិងការយល់ដឹងពីបញ្ហាមេរោគអេដស៍ ដល់ស្រទាប់មហាជន និងក្រុមប្រឈមមុខខ្ពស់។
ក្នុងន័យនេះ បើនិយាយពីការមិនរើសអើង, គឺយើងមានព្រះរាជគំរូវីរភាពរបស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង, សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជកម្មវិធីជួបជាមួយអ្នកផ្ទុកមេរោគអេដស៍ ហើយជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ទាប់ពីបានទទួលគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ២០០៦រៀងមក គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានសកម្មភាពនៅតាមសហគមន៍ រោងចក្រ សហគ្រាស រួមជាមួយការចលនាឱ្យមានការបង្កើច្បាប់អេដស៍នៅកន្លែងបំពេញការងារ និងជាគំរូនៃការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលសកម្មភាពទាំងអស់នេះ ត្រូវបានទទួលស្គាល់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ,រដ្ឋបាលខេត្តបាត់ដំបង, អង្គការសង្គមស៊ីវិល, សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងដៃគូនានា ដែលបានសហការគ្នារៀបចំឱ្យមានព្រឹត្តិការណ៍នេះកើតឡើង ជាពិសសក៏សូមអរគុណចំពោះលោកស្រី Kathryn Clarkson ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា ឡាវ ថៃ និងវៀតណាម ដែលបានឆ្លៀតឱកាសដ៏មមាញឹកមកចូលរួមនាពេលនេះ។